គ្រូ Than Quang Ninh ថាការបិទ Privat និងប្រើការវាយបក គឺជាមូលហេតុនាំឲ្យឈ្នះព្រះខ័នរាជស្វាយរៀង

មាស សុផាណារ៉ុង March 12, 2020


 

ភ្នំពេញ៖ លោក Phan Thanh Hung គ្រូបង្វឹកនៃក្លឹប Than Quang Ninh បានបង្ហើបថាការបិទ Privat និងប្រើការវាយបក គឺជាមូលហេតុនាំឲ្យក្រុមលោកអាចយកឈ្នះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១ទល់៤ ក្នុងជំនួបទី៣ ប្រចាំពូល G នៃពានរង្វាន់ក្លឹបបាល់ទាត់អាស៊ី AFC Cup 2020 នៅពហុកីឡដ្ឋានជាតិ កាលពីយប់មិញ។

បន្ទាប់ពីចប់ការប្រកួត គ្រូបង្វឹកជនជាតិវៀតណាមផ្ទាល់រូបនេះ បាននិយាយថា៖ «បើទោះបីជាការប្រកួតនេះ អាកាសធាតុក្ដៅខ្លាំង ក៏ដូចជាទីលានជាទីលានស្មៅសិប្បន្និមិតដែលពិបាកសម្រាប់យើង ប៉ុន្តែយើងនៅតែព្យាយាមអស់ពីលទ្ធភាព និងរហូតទទួលបានជ័យជម្នះ។»

«យើងដឹងថាក្រុមរបស់កម្ពុជា គឺជាក្រុមដែលខ្លាំង ហើយយើងតែងតែយកចិត្តទុកដាក់អំពីតាក់ទិចរបស់គេ ហើយយើងប្រើការវាយបក និងអាចរកគ្រាប់បាល់បានសម្រេច។ យើងឃើញកីឡាករលេខ១០ (Privat) គឺពិតជាគ្រោះថ្នាក់ ដូច្នេះព្យាយាមបិទគាត់ ហើយបូករួមជាមួយយើងមានឱកាសជាច្រើនដើម្បីរកគ្រាប់បាល់។» លោក Phan Thanh Hung បានបន្ថែម។

គួរដឹងថា ការប្រកួតដែលព្រះខ័នរាជស្វាយរៀង ចាញ់ Than Quang Ninh ១ទល់៤ គឺ ១គ្រាប់របស់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Mbarga Privat នៅនាទី៤៤ ខណៈក្រុមភ្ញៀវ Than Quang Ninh រកបានដោយកីឡាករ Nguyen Hai Huy, Neven Lastro, Jeremie Lynch និង Dao Nhat Minh ម្នាក់១គ្រាប់។

ជ័យជម្នះនេះផងដែរ បានធ្វើឲ្យ Than Quang Ninh ឡើងមកឈរនៅលេខ២ ក្នុងពូល G បណ្ដោះអាសន្ន ដោយគិតលើរូបមន្ត Head to Head និងបន្ទាប់ពីមួយគូទៀតដែលជាក្រុមរួមពូលជាមួយគ្នា ការប្រកួតរវាង Ceres Negros បានយកឈ្នះ Bali United ៤ទល់០៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់