គុនដាវកម្ពុជា ឈ្នះមេដាយ ៥គ្រឿង ជើងឯកកីឡាគុនដាវសកលវិទ្យាល័យអាស៊ីអាគ្នេយ៍ នៅម៉ាឡេស៊ី

មាស សុផាណារ៉ុង March 11, 2020


 

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីគុនដាវកម្ពុជា ដណ្តើមបានមេដាយ៥គ្រឿង ពីព្រឹត្តិការណ៍ការប្រកួត ជ្រើសរើសជើងឯកកីឡាគុនដាវសកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២០ នៅទីក្រុងគួឡាឡាំពួក ប្រទេសម៉ាឡេស៊ី ដែលបានប្រព្រឹត្តចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០។

ក្រុមអត្តពលិកគុនដាវរបស់កម្ពុជាដណ្តើមបានមេដាយ ៥គ្រឿងរួមមាន មាស ១គ្រឿង, ប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធិ ៣គ្រឿង។

កីឡាការិនី ឆាយ លីនលី ទទួលបានមេដាយមាស ១គ្រឿង វិញ្ញាសានារីឯកត្តជនដាវតូច, កីឡាការិនី យី លីហ្សា ទទួលបានមេដាយប្រាក់ ១គ្រឿង វិញ្ញាសានារីឯកត្តជនដាវតូច, កីឡាការិនី សន និចទទួលបានមេដាយសំរិទ្ធ ១គ្រឿងវិញ្ញាសានារីឯកត្តជនដាវតូច, កីឡាការិនី សន និច ទទួលបានមេដាយសំរិទ្ធ ១គ្រឿងវិញ្ញាសានារីឯកត្តជនដាវធំ និងកីឡាករ ថុង តាំងជីន ទទួលបាន មេដាយសំរិទ្ធ ១គ្រឿង សម្រាប់វិញ្ញាសាបុរសឯកត្តជនដាវតូច។

លទ្ធផលនេះ លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា ទទួលស្គាល់ថាពិតជាមានការកើនឡើងនៃចំនួនមេដាយ ជាពិសេសមេដាយមាសមួយគ្រឿង ក្នុងវិញ្ញាសាឯកត្តជន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ សម្រាប់ការប្រកួតកម្រិតសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ នេះប៉ុន្ដែយើងក៏ទទួលស្គាល់ដែលថាចំនួនកីឡាករ-កីឡាការិនី ចូលរួមលើកនេះមានការថយចុះបើទោះជាមានប្រទេស ៦ចូលរួមក៏ដោយ។ ការថយចុះនេះ ក៏ព្រោះតែជំងឺ COVID-19 ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក។

សម្រាប់ក្រុមអត្តពលិកកម្ពុជា យើងក៏ធ្វើការណែនាំ និងរៀបចំជាអាកុល ម៉ាស និងថ្នាំសង្កូវ សម្រាប់ពួកគាត់ក្នុងការពារខ្លួន ហើយមានការណែនាំពីប្រធានសហព័ន្ធ លោកបានស្នើសុំលោកជំទាវវេជ្ជបណ្ឌិត សុខា សុធានី ធ្វើការតាមដាន និងយកចិត្តទុកដាក់ជាប្រចាំ។ ហើយមកដល់ពេលបច្ចុប្បន្ន ស្ថានភាពរបស់ប្រតិភូកម្ពុជាទាំងអស់គឺមានសុខភាព និងស្ថានភាពល្អប្រសើរ៕

 

រូបភាព៖ Fencing Federation of Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់