ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំអត្តពលិកហែលទឹកចូលរួមកម្មវិធីហែលទឹក និងលេងបាល់បោះ សាកល្បង

មាស សុផាណារ៉ុង March 11, 2020


 

កណ្តាល៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាងហែលទឹក ស្ថិតក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ខេត្តកណ្ដាល ដែលរហូតមកទល់ពេលនេះសម្រេចការសាងសង់បាន ១០០ភាគរយហើយ។

កម្មវិធីនេះមានសមាសភាពចូលរួមពីឯកឧត្តម និងសមាជិក-សមាជិកា ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកឃុំសមាជិកសមាជិកាគណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈកម្មការបក្សស្រុក ប្រធានគណបក្សឃុំ យុវជនស្រុក-ឃុំ លោកគ្រូអ្នកគ្រូនាយក នាយករង លោកគ្រូអ្នកគ្រូទទួលបន្ទុកការងារកីឡា និងកីឡាករ-កីឡាការិនីហែលទឹកមកពីរាជធានីភ្នំពេញ សរុបទាំងអស់ប្រមាណ ២០០នាក់។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថាកម្មវិធីនេះមានការរៀបចំឲ្យមានការប្រកួតហែលទឹក និងលេងបាល់ទឹកសាកល្បង លើកទី១ ដឹកនាំដោយលោកប្រធានដើម្បីជំរុញលើកទឹកចិត្ត និងបំផុសចលនាយុវជនយុវនារី សិស្សានុសិស្ស ក្នុងវិទ្យាល័យទាំង៤ នៃស្រុកកោះធំឲ្យចូលរួមក្នុងវិស័យកីឡាដើម្បីលើកកម្ពស់សុខភាពក៏ដូចជាស្វែងរកកីឡាករដែលមានសមត្ថភាពខ្ពស់អាចត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ។

លោកបានបន្តថា ទាក់ទងនឹងវិស័យកីឡាវិញ លោកប្រធានបានបន្ថែមថា ពីដើមកីឡដ្ឋានស្រុកកោះធំនេះជាដីលិចទឹក ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានសាងសង់កន្លែងបាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេសអាងហែលទឹកខ្នាតអន្តរជាតិ ដែលអាចហ្វឹកហាត់កីឡាករកីឡាការិនីដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់