CAMSOC បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ រំលេចចេញនូវទិដ្ធភាព ចំនួន២

មាស សុផាណារ៉ុង March 11, 2020


 

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( CAMSOC ) បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( CAMSOC ) នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

ក្នុងកិច្ចប្រជុំនេះផងដែរក៏បានការអញ្ជើញចូលរួមពីររដ្ឋមន្ត្រី តំណាងឲ្យក្រសួងពាក់ព័ន្ធ និងអភិបាលរាជធានី-ខេត្ត មួយចំនួនទៀត ដើម្បីអនុវត្តតាមសេចក្ដីសម្រេចរៀបចំសមាសភាពបញ្ចូលបន្ថែមទៅជាអនុប្រធានក្នុងគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម។ ហើយគោលបំណងនៃការដាក់បញ្ចូលបន្ថែមសមាសភាពគណៈកម្មាធិការកីឡាស៊ីហ្គេមថ្មីនេះទៀត គឺដើម្បីបញ្ជ្រាបការគាំទ្រដល់កម្មវិធីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន ជាអគ្គលេខាធិការ CAMSOC បានថ្លែងប្រាប់អ្នកសារពត៌មានបន្ទាប់ពីកិច្ចប្រជុំថាការបានបញ្ចប់ទៅដោយភាពរលូន បន្ទាប់ពីសម្ដេចពិជ័យសេនាបានបង្ហាញនូវនូវសក្ដានុពលនៃការរៀបចំដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមនេះ បានទទួលនូវធាតុចូលយ៉ាងសំខាន់ៗ និងការសម្រេចមួយចំនួនក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំនោះទៀតបានរំលេចចេញនូវទិដ្ធភាព ចំនួន២៖ «គឺទី១ អ្វីជាសមិទ្ធិផលដែលយើងបានធ្វើកាលពីឆ្នាំ២០១៩ កន្លងមកដែលបានជួយដល់គណៈកម្មការជំនាញជានយោបាយក្នុងការដឹកនាំ និងមួយទៀត គឹយើងបានជួយទៅដល់សហព័ន្ធកីឡាជាតិមួយចំនួននៅលើគោលការណ៍នៃការជម្រុញ និងអភិវឌ្ឍន៍ជំនាញ។»

លោកបានបន្តថា ដូចជាការផ្ដល់ថវិការបន្ថែមសម្រាប់ការចូលរួមប្រកួតជើងឯកផ្សេងៗនៅក្រៅប្រទេស និងការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនី នៅក្រៅប្រទេសឆ្នាំ២០១៩ ហើយជាលទ្ធផលគឺបានស្ដែងជាចេញជាលទ្ធផលរបស់ស៊ីហ្គេម ដែលយើងបានរួមគ្នាធ្វើរវាងសសរស្ដម្ភទាំង៣ គឺក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់