ប្រមុខកីឡាអូឡាំពិកកម្ពុជា បង្វែរយុទ្ធសាស្ត្រហ្វឹកហាត់ក្រុមជម្រើសជាតិនៅក្នុងប្រទេស ក្នុងដំណាក់វិបត្តិផ្លូវដង្ហើម COVID-19

មាស សុផាណារ៉ុង March 9, 2020


 

ភ្នំពេញ៖ ក្នុងដំណាក់កាលនៃវិបត្តិផ្លូវដង្ហើម COVID-19 ក្នុងឆ្នាំ២០២០ នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពគ្នា បង្វែរយុទ្ធសាស្ត្របង្កើន និងពង្រឹងការយកចិត្តទុកដាក់រៀបចំការហ្វឹកហាត់ក្រុមជម្រើសជាតិនៅក្នុងប្រទេស។

ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្មីៗនេះ បានមានប្រសាសន៍ថា៖ «ក្នុងដំណាក់វិបត្តិផ្លូវដង្ហើម COVID-19  ក្នុងឆ្នាំ២០២០ នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)  ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពគ្នាបង្វែរយុទ្ធសាស្ត្របង្កើន និងពង្រឹងការយកចិត្តទុកដាក់រៀបចំការហ្វឹកហាត់ក្រុមជម្រើសជាតិនៅក្នុងប្រទេសឲ្យបានខ្លាំងក្លាជាងមុន។»

ឯកឧត្តមបានបញ្ជាក់ឲ្យដឹងទៀតថា៖ «យើងបានឯកភាពគ្នាស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាលប្រមូលផ្តុំក្រុមជម្រើសជាតិហាត់ហ្វឹកហ្វឺនពេញមួយឆ្នាំ ចាប់ពីឆ្នាំ២០២០ទៅ ដល់ឆ្នាំ២០២៣។»

ប្រមុខអូឡាំពិករូបនេះបានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទាំងក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពគ្នាយកលទ្ធផលបច្ចេកទេសនៃការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០ ការប្រកួតកីឡា SEA Games លើកទី៣១ ឆ្នាំ២០២១ និងការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២២ គឺជាម៉ែត្រវាស់ស្ទង់ស្តង់ដារគុណផលកីឡាកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ឆ្ពោះទៅ SEA Games លើកទី៣២ ឆ្នាំ២០២៣។

ចំពោះការកំណត់សន្ទស្សន៍មេដាយមាសបណ្តោះអាសន្ន និងមានការកែសម្រួលសម្រាប់សហព័ន្ធកីឡាជាតិប្តេជ្ញាដណ្តើមឲ្យបានក្នុងការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣។ ជារួម ភាគីពាក់ព័ន្ធវិស័យកីឡាបានឯកភាពពង្រឹងយន្តការស្នូល ក្នុងរង្វង់សសរស្តម្ភទាំង៣ គឺក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ ដោយយកគោលការណ៍សម្របសម្រួល និងជួយពិភាក្សាគ្នាជាចម្បង៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់