ចំណុចប្រឈម និងប្រសើរមួយចំនួន មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣

មាស សុផាណារ៉ុង March 6, 2020


 

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានត្រៀមខ្លួនស្ទើរតែ១០ឆ្នាំ ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) នាឆ្នាំ២០២៣ តែមកទល់ពេលនេះសហព័ន្ធខ្លះហាក់ដូចជានៅតែមិនទាន់រៀបចំខ្លួន​នៅឡើយ។

ជាទូទៅសហព័ន្ធកីឡាបាល់ទាត់ បានត្រៀមខ្លួនល្អជាងគេគឺទាំងកីឡាករ មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល សហព័ន្ធកីឡាហែលទឹក, វាយសី ក៏បានប្រុងប្រៀបខ្លួនដែរ ចំពោះសហព័ន្ធអត្តពលកម្ម ដែលមានជាង ៤០វិញ្ញាសានោះ ទោះបីគុណផលរបស់កីឡាករ-កីឡាការិនី ​បង្ហាសញពីការរីកចម្រើនជាងមុនក៏ពិតមែន ប៉ុន្តែក្នុងចំណោមវិញ្ញាសាជាង ៤០នោះ កម្ពុជាលេងបានមិនដល់ ១០វិញ្ញាសានោះទេ។

អត្តពលកម្មជាវិញ្ញាសាដែលមានមេដាយច្រើនជាងគេ ប៉ុន្តែកម្ពុជាលេងបានត្រឹមតែវិញ្ញាសារត់, លោត, គប់, ចោល និងវិញ្ញាសាខ្លះ​ទៀតប៉ុណ្ណោះ។ ដូច្នេះសម្រាប់ប្រភេទកីឡាអត្តពលកម្ម កម្ពុជាខ្វះខាតទាំងទីលានសម្រាប់ប្រកួត សម្ភារៈសម្រាប់ប្រកួតដែលបញ្ហាទាំង​នេះកម្ពុជាត្រូវតែដោះស្រាយដោយបន្ទាន់។

ប្រមុខកីឡាអត្តពលកម្មកម្ពុជា ឯកឧត្តម អ៊ុក សិទ្ធិជាតិ ទទួលស្គាល់ថាអត្តពលកម្មកម្ពុជាពិតជានៅសល់វិញ្ញាសាច្រើនដែលមិនទាន់បានលេង។ ឯកឧត្តមបញ្ជាក់ថាកីឡាករ-កីឡាការិនី ភាគច្រើនមិនចង់លេងវិញ្ញាសាដែលលំបាកលេង ឬពុំសូវមានគេលេងច្រើននៅក្នុង​ប្រទេស ទោះបីវិញ្ញាសានោះនៅក្រៅប្រទេសមានគេលេងច្រើនក៏ដោយ។

វិញ្ញាសាជាច្រើនមិនមានអ្នកលេងដោយសារតែគ្មានសម្ភារៈហ្វឹកហាត់ ឬសម្ភារៈសម្រាប់ប្រកួត បើមានក៏សម្ភារៈនោះមិនត្រឹម​ត្រូវតាមស្ដង់ដារផងដែរ។

សម្រាប់ប្រភេទកីឡាហែលទឹក ទោះបីកន្លងមកនៅមិនទាន់ដណ្ដើមបានមេដាយក៏ពិតមែនតែប្រភេទកីឡានេះមាន​ហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជានៅពហុកីឡដ្ឋានជាតិ ពហុកីឡដ្ឋានមរតកតេជោ មជ្ឈហែលទឹកតេជោសែនខេត្តកំពង់ចាម ហាងហែលទឹក​ស្រុកកោះធំ ដែលទើបតែបញ្ចប់ការសាងសង់ មជ្ឈមណ្ឌលហែលទឹកខេត្តបាត់ដំបង ដែលកំពុងតែសាងសង់។

ចំពោះប្រភេទកីឡាបាល់ទាត់ គឺមានសាលាបាល់ទាត់ជាតិបាទី ការប្ដេជ្ញាចិត្តរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការធ្វើទី​លាន ( សាលាតម្រង់ទិសបាល់ទាត់ ) ឲ្យបានគ្រប់ទូទាំង ២៥រាជធានី-ខេត្ត ដែលមកទល់ពេលនេះកំពុងតែឈរនៅលើផ្លូវជោគជ័យដូចការប្ដេជ្ញាចិត្ត។

កីឡា​វាយសី ក៏មានទីលានអាចប្រកួតបាន ប៉េតង់ និងប្រភេទកីឡាក្នុងសាលមួយចំនួនធំមិនសូវជាខ្វាយខ្វល់ពីទីលាននោះទេ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលស្គាល់ថាធនធានមនុស្សពិតជាបញ្ហាគួរឲ្យខ្វាយខ្វល់ពិតមែន សហព័ន្ធមួយចំនួនធ្វើអ្វីៗហាក់មិនបានពេញដៃពេញជើង។ សហព័ន្ធខ្លះមិនបានបង្កើតឲ្យមានការប្រកួតណាផ្សេងក្រៅពីការប្រកួតដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ឡើយ។

សូមបញ្ជាក់ថា នៅសល់តែ ៣ឆ្នាំទៀត កម្ពុជា នឹងត្រូវទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់