សមាគមតេក្វាន់ដូ រាជធានីភ្នំពេញ ប្រកាសបិទសិក្ខាសាលាស្ដីពី គរុកោសល្យកិច្ចតែងការ និងមេគុន

មាស សុផាណារ៉ុង March 3, 2020


 

ភ្នំពេញ៖ សមាគមកីឡាតេក្វាន់ដូ រាជធានីភ្នំពេញ បានបិទសិក្ខាសាលារយៈពេល១ថ្ងៃ គឺថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ដោយមានសិក្ខាកាមចូលរួមចំនួន ២៤រូប ដែលជាសិក្ខាសាលាស្ដីពីគរុកោសល្យកិច្ចតែងការ និងមេគុន ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក ជ័យ ចាប ប្រធានសមាគមតេក្វាន់ដូ នៅក្លឹបកីឡាតេក្វាន់ដូ ក្នុងបរិវេណ វិទ្យាល័យបឹងត្របែក រាធានីភ្នំពេញ។

លោក សំ សុខយី ដែលជាអគ្គលេខាធិការសមាគមតេក្វាន់ដូ WT ( World Taekwondo ) រាជធានីភ្នំពេញ បានឲ្យដឹងថាសិក្ខាសាលានេះធ្វើឡើងដើម្បីពង្រឹងក្បាច់គុនតេក្វាន់ដូ និងធ្វើឲ្យក្បាច់គុននេះកាន់តែមានសក្ដានុពលឡើងបន្ថែមទៀត។ សិក្ខាកាមដែលចូលរួមចាប់ពីកម្រិតខ្សែក្រវាត់ខ្មៅ ១ដាន់ ដល់៤ដាន់ ដែលមកពីក្លឹបនានាក្នុងរាជធានីភ្នំពេញ និងក្លិបពាមជីកង ក្នុងខេត្តកំពង់ចាម ពួកគេគឺជាគ្រូជំនួយ គ្រូបង្គោល របស់ក្លិបនានា។

សូមបញ្ជាក់ថាតេក្វាន់ដូ WT ( World Taekwondo ) ដែលជាមរតកក្បាច់គុនរបស់កូរ៉េខាងត្បូង សព្វថ្ងៃនេះមានមនុស្ស ៩០លាននាក់ក្នុងពិភពលោកកំពុងតែហ្វឹកហាត់។ លើពិភពលោកនេះប្រទេសចំនួន ២០៥ប្រទេស ដែលមានប្រជាជនហ្វឹកហាត់ក្បាច់គុននេះ មិនតែប៉ុណ្ណោះគេថែមទាំងមានសាលាក្បាច់គុននេះទៀតផង។ សម្រាប់កម្ពុជា ក៏កំពុងតែគិតគូរបង្កើតឲ្យមានបរិញ្ញាប័ត្រតេក្វាន់ដូ ទៀតផង ស្របពេលដែលកម្ពុជាកំពុងតែមានសក្ដានុពលលើប្រភេទកីឡានេះ។

លោក ជ័យ ចាប ដែលជាប្រធានសមាគមតេក្វាន់ដូ រាជធានីភ្នំពេញ បានលើកឡើងបន្ទាប់ពីសិក្ខាសាលានេះទៅសិក្ខាកាម បានទទួលនូវពុទ្ធិបន្ថែមទៀត។ ជាអ្នកចេះក្បាច់គុនមិនត្រូវយកក្បាច់គុនទៅធ្វើបាបមនុស្សស្លូតត្រង់នោះទេគឺត្រូវមានគុណធម៌ និងសីលធម៌ជានិច្ច៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់