គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បើកមហាសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០

មាស សុផាណារ៉ុង March 2, 2020


 

ភ្នំពេញ៖ គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​កាលពីព្រឹក​ថ្ងៃទី២​៩ កុម្ភៈ បានបើកធ្វើម​ហា​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ នេះ​។​

មហាសន្និបាត បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តមបណ្ឌិត ថោង ខុន​ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​ និងតំណាងសហព័ន្ធកីឡាជាតិទាំង កីឡាអូឡាំពិក និងកីឡាមិនអូឡាំពិក មានការចូលរួមពីគណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា, ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងអង្គភាពកីឡាក្រសួងមហាផ្ទៃ។

ថ្លែងបើកមហាសន្និបាត ឯកឧត្តម​បណ្ឌិត ថោង ខុន បានបញ្ជាក់ថា ឆ្នាំ២០១៩ ជាឆ្នាំនៃរបត់កំណែទម្រង់នៃរបបគ្រប់គ្រងវិស័យកីឡាជាតិ និងសហព័ន្ធកីឡាជាតិ។ អ្វីដែលដែលត្រូវជម្នះបាននូវឧប​សគ្គទាំងឡាយ ដែលរាំងស្ទះដំណើរការវិវត្តន៍នៃវិស័យកីឡា គឺមានតែការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងតាមគោលនយោបាយជាតិ ស្តីពីវិស័យអប់រំកាយនិងកី​ឡា ពិសេសអនុវត្តអោយបានតាមផែនការ មេឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ទើបបេសកកម្មរបស់យើង ឆ្ពោះទៅរកភាពជោគជ័យបាន។

ឯកឧត្តមបានបញ្ជាក់ថា៖ «ក្នុងការត្រៀមសម្រាប់ឆ្នាំ២០២៣ នេះ យើងក៏ត្រូវតាមដាននិងពិនិត្យមើលលើបញ្ហា ខូវីត១៩ ( COVID-19 ) តើវាអាចប៉ះពាល់ដល់ការត្រៀមបម្រុងចំពោះដំណើរការត្រៀមរៀបចំរបស់យើងកម្រិតណាដែរ។»

ប្រធានអូឡាំពិកកម្ពុជា បន្តថា៖ «យើងទាំងអស់គ្នាជាមហាគ្រួសារកីឡាជាតិ ជាអង្គការកីឡាជាតិ ស្ថាប័នកីឡាជាតិ ដែលមានតួនាទីភារកិច្ចទទួលខុសត្រូវលើជោគវាសនាកីឡាជាតិទៅថ្ងៃអនាគត ពិសេសលើការរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ អ្វីៗជាសមិទ្ធផលនេះ គឺជាសច្ចៈភាពប្រវត្តិ សាស្ត្រដែលយើងបានខិតខំប្រឹងប្រែងធ្វើដោយឆន្ទះមោះមុត និងមានមោទកភាពបំផុត ប៉ុន្តែយើងក៏ត្រូវស្វែងយល់ឱ្យស៊ីជម្រៅលើបញ្ហាប្រឈម ចំនុចខ្វះខាត និងឧបសគ្គនានា ដែលរាំងស្ទះដំណើរការកសាងគុណភាព សមត្ថភាព និងឧត្តមភាពកីឡាជាតិឆ្ពោះទៅជោគជ័យរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។»

«ចាប់ពីពេលនេះតទៅ ត្រូវរួមគ្នាហ៊ាននិយាយការពិត និងបកស្រាយអាថ៌កំបាំងនានា អនុវត្តយ៉ាងម៉ឺងម៉ាត់នូវអភិក្រមទាំង៥ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល គឺ ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យកីឡា។ មហាសន្និបាតយើងពេលនេះ ត្រូវឆ្លុះបញ្ចាំងឱ្យឃើញនូវឧបសគ្គពិនិត្យរោគជាច្រើននៅរាល់ទម្រង់នៃមេរោគជំងឺរ៉ាំរ៉ៃ ដើម្បីត្រៀមដាក់ថ្នាំព្យាបាល និងវះកាត់ ពិសេសយកចិត្តទុកដាក់ពង្រឹងសហព័ន្ធកីឡាជាតិ មន្ត្រីកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនី ជាអាទិភាពដើម្បីជំរុញប្រសិទ្ធភាពកីឡាផង និងជាក្តីសង្ឃឹមជោគជ័យស៊ីហ្គេមឆ្នាំ២០២៣ ផង។» ឯកឧត្តមបានសង្គត់ធ្ថន់។

ឯកឧត្តម ថោង ខុន បញ្ជាក់ថា អ្វីៗទាំងអស់នេះអាចទទួលបានការរីកចម្រើនគឺពិតជាបានមកពីការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, សហព័ន្ធកីឡាជាតិ និងបានការយកចិត្តទុកដាក់ក្នុងការជំរុញវិស័យកីឡាជាតិបានសហការយ៉ាងកក់ក្តៅ និងជិតស្និទ្ធ ស្មារតីកីឡាជាតិតែមួយ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើឲ្យកីឡាកម្ពុជាកាន់តែរឹងមាំ និងមានមោទកភាពជាតិយ៉ាងខ្លាំងតាមរយៈព្រឹត្តិការណ៍កីឡាជាតិ ការប្រកួតកីឡាអាស៊ីជាដើម។

ជាទូទៅគ្រប់ចលនាកីឡាមានភាពផុលផុស និងមានការខិតខំប្រឹងប្រែងទាំងអស់គ្នាមានសាមគ្គីភាពផ្ទៃក្នុងបានល្អ យន្តការសម្របសម្រួលត្រូវបានថ្នាក់ដឹកនាំចាត់ទុកជាអាទិភាពក្នុងភាពជាដៃគូយុទ្ធសាស្រ្តការងារកីឡា និងការកសាងអភិវឌ្ឍន៍វិស័យកីឡាជាតិតែមួយ។

ជាមួយនឹងការថ្លែងបើកមហាសន្និបាតរបស់ប្រធានអូឡាំពិកនោះ អង្គមហាសន្និបាត បានពិនិត្យមើលរបាយការណ៍ការងារប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០  ដែ​លបានបង្ហាញពីការត្រៀមលក្ខណៈចូលរួមព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងពិភាក្សាពីគម្រោងផែនការសហព័ន្ធកីឡាជាតិ សម្រាប់ឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់