ពិធីជួបជុំមហាគ្រួសារកីឡាកម្ពុជានឹងត្រូវធ្វើជារៀងរាល់ឆ្នាំនៅដើមខែមេសា
នូ មករា April 5, 2016
ពិធីជួបជុំទទួលទានអាហារ និងសំណេះសំណាលជាលក្ខណៈមហាគ្រួសារកីឡាកម្ពុជាដែលបានរៀបចំជាលើកទី១កាលពីល្ងាចថ្ងៃទី៤ មេសាម្សិលមិញនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏រីករាយក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប រួមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គ្រូបង្វឹក ក៏ដូចជាកីឡាករ-កីឡាការិនីជាច្រើនពាន់នាក់មកពីបណ្តាសហព័ន្ធកីឡានៅទូទាំងប្រទេស។ ក្នុងឱកាសដ៏សប្បាយរីករាយនេះដែរ សម្តេចទាំងពីរក៏បានផ្តល់កិត្តិយសក្នុងការអញ្ជើញឡើងរាំ និងថតរូបជាអនុស្សាវរីយ៍ជាមួយក្រុមកីឡាករនានាប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោក៏បានបព្ជាក់ឲ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចថា៖«ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលបានជួបជុំជាមួយកីឡាករ កីឡាការិនីនាល្ងាចម្សិលមិញ។ សុំកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ គ្រូបង្ហាត់ ពិសេសកីឡាករ កីឡាការនីទាំងអស់ដែលបានផ្តល់នូវការស្រឡាញ់ ការគាំទ្រចំពោះការដឹកនាំរបស់ខ្ញុំ។ ខ្ញុំសម្រេចចិត្តបន្តជួបជុំបែបនេះជារៀងរាល់ឆ្នាំនៅល្ងាចថ្ងៃ៤ មេសា ឬមុនចូលឆ្នាំខែ្មរដើម្បីពង្រឹងសាមគ្គីភាពនៃមហាគ្រួសារកីឡាកម្ពុជាតទៅទៀត៕»