ខេត្តបាត់ដំបង ទទួលធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំនេះ មាន ១០ប្រភេទកីឡាដាក់ឲ្យប្រកួត

មាស សុផាណារ៉ុង February 15, 2020


 

ភ្នំពេញ៖ នៅពាក់កណ្ដាលខែក្រោយនេះ ពោលគឺនៅថ្ងៃទី ១៣-១៤ ខែមីនា ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នៅក្នុងខេត្តបាត់ដំបង ដោយបញ្ចូលប្រភេទកីឡាចំនួន ១០ប្រភេទ ទៅប្រកួតអបអរកម្មវិធីដ៏អស្ចារ្យនេះ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងថា៖ «ព្រឹត្តិការណ៍កីឡាអបអរពិធីបុណ្យសមុទ្រនាឆ្នាំនេះ នឹងត្រូវរៀបចំឲ្យបានធំជាងបណ្តាឆ្នាំមុនៗ ជូនមហាជនទស្សនាឱ្យបានទូលំទូលាយ ដោយយើងនឹងដាក់ឲ្យមានការប្រកួតចំនួនជិត ១០ប្រភេទ គឺធំជាងឆ្នាំមុនៗ ដោយផ្តោតទៅប្រភេទកីឡាមានប្រជាប្រិយ និងប្លែកៗផងដែរ។ ខណៈកីឡាដែលមានប្រជាប្រិយភាពបំផុត សម្រាប់មហាជននៅលើទឹកដីខេត្តបាត់ដំបង គឺប្រដាល់គុនខ្មែរតែម្តង។»

ឯកឧត្តមបានបន្តទៀតថា៖ «អ្នកប្រដាល់សរុបមានកីឡាករ ១៥គូ ស្មើនឹង ៣០នាក់ ក្នុងនោះមានមកពីខេត្តបាត់ដំបង ១៣នាក់ មកពីខេត្តសៀមរាប ៦នាក់ ពីខេត្តបន្ទាយមានជ័យ ៥នាក់ មកពីរាជធានីភ្នំពេញ ៣នាក់ និងកីឡាករថៃ ចំនួន ៣នាក់ ហើយសង្វៀនប្រដាល់អប្សរា ទទួលបានសិទ្ធិពេញលេញក្នុងការសហការជាមួយដៃគូមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ NOCC និងក្រសួងទេសចរណ៍ ដើម្បីលើកស្ទួយវិស័យកីឡាប្រពៃណី ដែលមានប្រជាប្រិយជាងគេ។»

ក្រៅពីប្រដាល់គុនខ្មែរ ក៏មានការរត់ប្រណាំង ១០គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ ប្រកួតចំបាប់បុរាណ គុនល្បុក្កតោ បាល់ទាត់ បាល់ទះ ទាញព្រ័ត្រ ប៊ូល និងប៉េតង់ ព្រមទាំងមានកីឡាមួយចំនួនទៀត កំពុងរៀបចំទៅតាមលទ្ធភាពជាក់ស្តែង ព្រោះពេលវេលាកំណត់មិនទាន់បញ្ចប់នៅឡើយទេ។

គួបញ្ជាក់ផងដែរថា បុណ្យទន្លេឆ្នាំនេះ ប្រារព្ធធ្វើឡើងនៅខេត្តបាត់ដំបង ហើយកម្មវិធីប្រចាំឆ្នាំថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលនេះ ជាការបង្ហាញពីសក្តានុពលទេសចរណ៍ ដោយមានពិពណ៌ផលិតផលស្នាដៃរីកចម្រើនរបស់ជាតិ និងជាការរំឭកដល់ព្រះម៉ែគង្គគា ព្រោះមានទឹក ទើបមានជីវិត ដូច្នេះគប្បីមានពិធីរំឭក និងថែរក្សាបរិស្ថានឲ្យបានល្អ ព្រមទាំងការអភិវឌ្ឍ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់