សិក្ខាកាម ២២នាក់ចូលរួម វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងគណៈកម្មាការកីឡាវាយកូនបាល់ ថ្នាក់ជាតិ

មាស សុផាណារ៉ុង February 12, 2020


 

ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានបើកវគ្គបណ្ដុះបណ្តាលអាជ្ញាកណ្តាល និងគណៈកម្មាការថ្នាក់ជាតិ ឆ្នាំ២០១៩ ដើម្បីត្រៀមការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០ ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅអគ្គលេខាធិការដ្ឋានសហព័ន្ធក្នុងហពុកីឡដ្ឋានជាតិ។

លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធបានប្រាប់ឲ្យដឹងថា វគ្គខាងលើកនេះមានសិក្ខាកាមចូលរួមចំនួន ២២នាក់ មកពី ៤ រាជធានី-ខេត្ត ក្នុងនោះរួមមានរាជធានីភ្នំពេញ, ខេត្តកែប, ខេត្តព្រះសីហនុ និងខេត្តសៀមរាប បង្រៀនដោយគ្រូ ២នាក់មកពីប្រទេសពីអ៊ីរ៉ង គឺលោក Adel Borghei និងគ្រូម្នាក់ទៀតជនជាតិម៉ាឡេស៊ី គឺលោក Razmee Rawi។

លោកបានបន្តថាក្នុងរយៈពេល ២ថ្ងៃដំបូង នឹងសិក្សាទ្រឹស្តីសុទ្ធជាមួយលោកគ្រូសម្រាប់អាជ្ញាកណ្តាល និងគណៈកម្មាការថ្នាក់ជាតិដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

លោកអគ្គលេខាធិការរងបន្ថែមទៀតថា សម្រាប់ថ្ងៃចុងក្រោយសិក្ខាកាមទាំងអស់នឹងធ្វើការអនុវត្តផ្ទាល់នៅលើទីលានទាំងអាជ្ញាកណ្តាល និងគណៈកម្មាការ ដោយការអនុវត្តនេះស្រដៀងនឹងការប្រកួតពិត។ វគ្គនេះសហព័ន្ធប្រើប្រាស់ថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៩៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់