អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ WT បង្ហើបផែនការការងារ សម្រាប់ឆ្នាំ២០២០

មាស សុផាណារ៉ុង February 12, 2020


 

ភ្នំពេញ៖ លោក គង់ សក្ខិដា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) បានអះអាងថាសម្រាប់ឆ្នាំ២០២០ នេះគឺ ជាឆ្នាំអនុវត្តន៍បន្តនូវយុទ្ធសាស្រ្តត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបន្តថាឆ្នាំនេះក្រៅពីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាជាតិលើកកទី៣ នោះការប្រឡងខ្សែក្រវាត់ខ្មៅដាន់ Kokkiwon នឹងត្រូវពង្រឹង និងបង្កើនធ្វើឲ្យបានយ៉ាងហោចណាស់ ៤ដងក្នុងមួយឆ្នាំ ខណៈសព្វថ្ងៃនេះអ្នកដែលពាក់ខ្សែក្រវាត់ខ្មៅទូទាំងរាជធានី-ខេត្ត មានចំនួន ១៥៤នាក់ ក្នុងនោះខ្សែក្រវាត់ខ្មៅមួយដាន់ចំនួន ១២៨នាក់ ខ្សែក្រវាត់ខ្មៅ ២ដាន់ចំនួន ១៩នាក់ ខ្សែក្រវាត់ខ្មៅ ៣ដាន់
ចំនួន ៦នាក់ និងខ្សែក្រវាត់ខ្មៅ ៤ដាន់ចំនួន ១នាក់ នេះជាចំនួនដែលប្រឡងតម្លើងខ្សែក្រវាត់ក្នុងឆ្នាំកន្លងមក។

លោកអគ្គលេខាធិការក៏បានប្រកាសជម្រុញឲ្យមានវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល គ្រូបង្វឹកឲ្យបានមួយឆ្នាំ ចំនួន៤ដង ដែរជាមួយគ្នានេះសហព័ន្ធនឹងជំរុញឲ្យគ្រូបង្វឹកថ្នាក់ជាតិ និងអាជ្ញាកណ្ដាលថ្នាក់ជាតិ ចេញទៅហ្វឹកហាត់នៅក្រៅប្រទេសឲ្យបានមួយឆ្នាំៗចំនួន ៤រូបយ៉ាងតិច ។

លោក គង់ សក្ខិដា (អាវខៀវ)

លោកអគ្គលេខាធិការរូបនេះទទួលស្គាល់ថាសព្វថ្ងៃនេះគ្រូបង្វឹក កីឡាករ កីឡាការិនី និងអាជ្ញាកណ្ដាលជាតិមួយចំនួនខ្សោយខាងផ្នែកភាសា និងកុំព្យូទ័រ ដែលជាហេតុធ្វើឲ្យមានការលំបាកក្នុងការបញ្ជូនពួកគាត់ទៅបណ្ដុះបណ្ដាលនៅឯក្រៅប្រទេស ។

សព្វថ្ងៃនេះទាំងកីឡាករ កីឡាការិនីជម្រើសជាតិឈុតធំ និងថ្នាលមានការខ្វះខាតសម្ភារៈហ្វឹកហាត់ និងសម្ភារៈប្រកួតដូចជា Electronic Scoring Sysrem និង protector Scoring System ជាដើម៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់