ឯកឧត្តម ស សុខា៖ «សហព័ន្ធមួយអាចនឹងរលាយ បើបុគ្គលម្នាក់ដើរតួរនាទី ២ទៅ៣ ម្នាក់ឯង»

មាស សុផាណារ៉ុង February 10, 2020


 

ភ្នំពេញ៖ បន្ទាប់ពីបូកសរុបការងារឆ្នាំ ២០១៨-២០១៩ រួចមក រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានប្រកាសថា នៅឆ្នាំ២០២០ នេះទៅនឹងលុបបំបាត់ចោល នូវភាពល្អក កកនៅក្នុងវិស័យកីឡា ជាពិសេសគឺ បុគ្គលម្នាក់មិនអាចដើរតួរនាទី ២ទៅ៣នៅក្នុងសហព័ន្ធតែមួយបាននោះទេ។

រូបតំណាង

ឯកឧត្តម ស សុខា បានថ្លែងដូច្នះថា៖ «រហូតមកដល់បច្ចុប្បន្ននេះ ភាពមិនប្រក្រតីវានៅតែកើតមានឡើងនៅក្នុងសហព័ន្ធកីឡាជាតិមួយចំនួន ជុំវិញការបំពេញការងារខុសមុខងារ ដូចជា គ្រូបង្វឹកដើរតួជាកីឡាករផង គ្រូផង អគ្គលេខាធិការផង គ្រូបង្វឹកផង ប្រធានទម្លាក់ខ្លួនមកធ្វើជាគ្រូបង្វឹកផង ប្រធានផង ដើម្បីតែផលប្រយោជន៍អ្វីមួយហើយការមានតួនាទីជាចោរផង និងជាប៉ូលិសផងបែបនេះ វានឹងធ្វើឲ្យសហព័ន្ធនោះរលាយ។»

ឯកឧត្តមបានបន្តទៀតថា៖ «នៅមុនខ្ញុំចូលមកកាន់ជារដ្ឋលេខាធិការនេះ ខ្ញុំតែងតែឭថា សហព័ន្ធមួយចំនួនបានយកតែសាច់ញាតិបងប្អូនឯង ដែលមិនសូវមានសមត្ថភាព ចេញទៅប្រកួតនៅក្រៅប្រទេសជំនួសកីឡាករ ដែលមានសមត្ថភាពពិតប្រាកដ ហើយបញ្ហានេះយើងបានជម្រះរួចហើយ ប៉ុន្តែយើងទទួលស្គាល់ថា រហូតមកដល់បច្ចុប្បន្ន សហព័ន្ធមួយ គឺនៅមានមនុស្ស ម្នាក់ដើរតួនាទីជាចោរផង និងជាប៉ូលិសផង។»

លោកសង្កត់ធ្ងន់ថា៖ «ក្នុងឆ្នាំ ២០២០នេះ ខ្ញុំសូមប្តេជ្ញាចិត្តថា នឹងមិនឲ្យមានរឿងបែបនេះទៀតទេ! គ្រូគឺគ្រូ អគ្គលេខាធិការ គឺអគ្គលេខាធិការ ហើយប្រធានសហព័ន្ធ គឺប្រធានសហព័ន្ធ គឺមិនឲ្យដើរតួនាទីដែលហៅថា បើគ្មានខ្ញុំ ស្អីៗត្រូវរលំ ឬស្អីៗមិនអាចដើរទៅមុខរួចនោះទេ ហេតុនេះខ្ញុំក្នុងនាមឲ្យឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្តេជ្ញាចិត្តថា នឹងធ្វើឲ្យបាន ដើម្បីស្វែងរកខុសត្រូវជូនដល់ក្រុមអត្តពលិក ដែលមានសមត្ថភាពពិតប្រាកដ តែត្រូវបានគេមើលរំលងដោយសារ តែបញ្ហាមនោសញ្ចេតនាគិតដល់សាច់ញ្ញាតិជាធំនេះ។»

គួររំលឹកផងដែរ នៅក្នុងកិច្ចប្រជុំបូកសរុបការងារ អនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅសាលប្រជុំទន្លេបាសាក់ II ចន្លោះថ្ងៃទី០៣ និងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០​ ឯកឧត្តមបានមានប្រសាសន៍ជាច្រើនជុំវិញវិស័យកីឡា ជាក់ស្ដែងដូចជា ការប្តេជ្ញាសម្រេចឲ្យបាននូវមុំមួយក្នុងចំណោមមុំ ទាំង៤ នៃការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការជំរុញឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធចាប់ដៃគ្នាបំពេញចំណុចខ្សោយមុន SEA Games 2023 មកដល់ និងការស្នើ NOCC បន្ថែមអត្តពលិក តែកាត់បន្ថយថ្នាក់ដឹកនាំពេលប្រកួតស៊ីហ្គេម នៅវៀតណាម ជាដើម៕

 

ចុចអានអត្ថបទ៖ ស សុខា៖ ប្តេជ្ញាសម្រេចឲ្យបាននូវមុំមួយក្នុងចំណោមមុំ ទាំង៤ នៃការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ចុចអានអត្ថបទ៖ ឯកឧត្តម ស សុខា ជំរុញឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធចាប់ដៃគ្នាបំពេញចំណុចខ្សោយមុន SEA Games 2023 មកដល់

ចុចអានអត្ថបទ៖ ឯកឧត្តម ស សុខា ស្នើ NOCC បន្ថែមអត្តពលិក តែកាត់បន្ថយថ្នាក់ដឹកនាំពេលប្រកួតស៊ីហ្គេម នៅវៀតណាម

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់