ក្រុមបាល់ទាត់កម្ពុជា ២ក្រុម ឈ្នះភ្ញៀវថៃ ក្នុងជំនួបមិត្តភាពអបអរព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្ដ្រ នៅអន្លង់វែង

មាស សុផាណារ៉ុង February 10, 2020


 

ឧត្តរមានជ័យ៖ ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាទេសចរណ៍ “ថ្មើរជើងប្រវត្តិសាស្ដ្រ-អន្លង់វែង” លើកទី២ ដែលកំពុងប្រព្រឹត្តទៅ នៅលើទឹកដីប្រវត្តិសាស្ដ្រ និងជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម នាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គណៈកម្មការរៀបចំក៏បានបង្កើតការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ២ប្រកួតដែរ ខណៈក្រុមម្ចាស់ផ្ទះ សុទ្ធតែទទួលបានជ័យជម្នះលើក្រុមភ្ញៀវ ។

ការប្រកួតមិត្តភាពអន្ដរជាតិនេះ បានធ្វើឡើងទីលានវិទ្យាល័យអន្លង់វែង ដោយក្រុមមហាជនកម្ពុជា តំណាងដោយក្រុមយុវជនស្រុកអន្លង់វែង ប្រកួតជាមួយក្រុមមហាជនថៃ (មកពីខេត្តស៊ីសាកេត និងខេត្តសូរិន) ក្រុមម្ចាស់ផ្ទះបានយកឈ្នះ ក្នុងលទ្ធផល ៩-២។ រីឯ ១គូទៀត គឺជាការប្រកួតរវាងក្រុមកងកម្លាំងទាហានខ្មែរ-ថៃ ហើយជាលទ្ធផលក្រុមកងពលតូចថ្មើរជើងលេខ ៤១ របស់កម្ពុជា បានយកឈ្នះក្រុមទាហានថៃ ២-១។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ការប្រកួតបាល់ទាត់នេះ គឺជាផ្នែកមួយរបស់កម្មវិធី ព្រោះ NOCC បានរៀបចំការប្រកួត និងសម្ដែងកីឡាជាច្រើន ដូចជារត់កម្សាន្ដ ប្រណាំងកង់កម្សាន្ដ ចំបាប់បុរាណ ប្រណាំងទូក គុនល្បុក្កតោ និងកីឡារាំអន្ដរជាតិជាដើម ដើម្បីអបអរព្រឹត្តិការណ៍កីឡាទេសចរណ៍ខាងលើរយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី០៧-០៩ ខែកុម្ភៈ ឆ្នាំ២០២០។

ចំពោះលទ្ធផលឈ្នះ-ចាញ់ មិនសូវសំខាន់នោះទេ អ្វីដែលសំខាន់ គឺការចូលរួមរបស់ប្រជាពលរដ្ឋ សិស្ស កងកម្លាំង និងថ្នាក់ដឹកនាំ ដើម្បីបង្ហាញនូវការចូលរួម និងគាំទ្រព្រឹត្តិការណ៍នេះ ដែលរៀបចំឡើងក្រោមដំបូលសន្ដិភាព ក៏ដូចជារួមចំណែកផ្សព្វផ្សាយនូវតំបន់ប្រវត្តិសាស្ដ្រអន្លង់វែង និងលើកស្ទួយវិស័យទេសចរណ៍ក្នុងតំបន់ដ៏អាថ៌កំបាំងនេះ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ បុត្រា

មតិយោបល់