ក្រោយស៊ីហ្គេមឆ្នាំ២០២៣ ការប្រកួតកីឡាជាតិ នឹងឈានទៅធ្វើនៅតាមបណ្ដាខេត្តនានា

មាស សុផាណារ៉ុង February 11, 2020


 

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានថ្លែងថាបន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទៅ ការប្រកួតកីឡាជាតិ មិនត្រូវបានផ្អាកឡើយ គឺនៅតែរៀបចំធ្វើរៀងរាល់ ២ឆ្នាំម្ដង រៀងរាល់ឆ្នាំគូ។

ឆ្នាំ២០២០នេះ ក៏ដូចជាការប្រកួត ២លើកន្លងមកហើយដែលធ្វើនៅរាជធានីភ្នំពេញ ខណៈនៅឆ្នាំ២០២២ ដែលជាការប្រកួតចុងក្រោយមុនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នោះក៏ប្រកួតនៅរាជធានីភ្នំពេញដែរ។ លោកបន្តថាការប្រកួតកីឡាជាទម្រង់ហ្គេមនេះប្រទេសគេធ្វើមុនកម្ពុជាទៅទៀត បន្តមកទល់ពេលនេះស្ទើរតែគ្រប់ប្រទេសលើពិភពលោកគេក៏ប្រកួតជាទម្រង់ហ្គេមនេះដែរ។

រដ្ឋលេខាធិការដដែលរូបនេះ បន្តថាក្រោយឆ្នាំ២០២៣ ការប្រកួតកីឡាជាតិទាំងអស់នឹងប្ដូរទិសទៅប្រកួតនៅតាមបណ្ដាខេត្តមួយចំនួនដែលមានហេដ្ឋរចនាសម្ព័ន្ធមានសក្ដានុពលអាចទទួលរៀបចំបាន ពិសេសបណ្ដាខេត្តដែលមានសកម្មភាពកីឡាខ្លាំងៗ មានកីឡាជាច្រើនប្រភេទ និងមានសក្ដានុពលទេសចរណ៍។

ឯកឧត្តម ស សុខា បានទទួលស្គាល់ថានៅភ្នំពេញហេដ្ឋារចនាសម្ព័ន្ធ (ទីលានប្រកួត) ពិតជាមានច្រើនមែនតែយើងត្រូវផ្ដល់ឱកាសឲ្យបណ្ដាខេត្ត ដទៃទៀតបានទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួត ឲ្យដូចស៊ីហ្គេម អញ្ចឹងដែរ។

ពេលនេះខេត្តដែលគេមើលឃើញថាអាចទទួលរៀបចំការប្រកួតកីឡាជាតិបានមានខេត្តសៀមរាប, បាត់ដំបង, កំពង់ចាម ជាដើមហើយខេត្តមួយចំនួនទៀតក៏មានលទ្ធភាពអាចរៀបចំធ្វើម្ចាស់ផ្ទះបានដែរ  ព្រឹត្តិការណ៍នេះអាចនឹងធ្វើឆ្លាស់គ្នាពីខេត្តមួយពីរាជធានីមួយទៅរាជធានីមួយរៀងរាល់ ២ឆ្នាំម្ដង៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់