ឯកឧត្តម ស សុខា ស្នើ NOCC បន្ថែមអត្តពលិក តែកាត់បន្ថយថ្នាក់ដឹកនាំពេលប្រកួតស៊ីហ្គេម នៅវៀតណាម

មាស សុផាណារ៉ុង February 7, 2020


 

ភ្នំពេញ៖ ថ្លែងនៅក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ ២០១៨-២០១៩ កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ ឯកឪត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំទៅប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺ ឯកឧត្តម ថោង ខុន ជួយបន្ថែមអត្តពលិកអោយបានច្រើនសម្រាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅក្នុងប្រទេសវៀតណាម និងស្នើសុំឯកឧត្តមជួយកាត់បន្ថយចំនួនថ្នាក់ដឹកនាំពេលចេញទៅប្រកួតនៅក្រៅប្រទេស។ លោកថ្លែងបែបនេះ ក្រោយពីមានមតិរៈគន់ជាច្រើន ពីសំណាក់មហាជន លើកចំនួនថ្នាក់ដឹកនាំទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាពេលកន្លងមក។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នះថា៖ «ខ្ញុំបានសំណូមពរទៅកាន់ឯកឧត្តមបណ្ឌិត ថោង ខុន គឺថា បើអាចទៅរួចពេលចូលរួមប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមលើកក្រោយនេះ គឺសុំឲ្យកាត់បន្ថយចំនួនថ្នាក់ដឹកនាំបន្តិច ធ្វើម៉េចបន្ថែមកីឡាករឲ្យបានច្រើន ព្រោះចំនួនថ្នាក់ដឹកនាំស្ទើរស្មើអ្នកប្រកួត ទាល់តែអ៊ីចឹងការងារប្រតិបត្តិអត់មានអ្នកធ្វើ អ៊ីចឹងកីឡាករត្រូវដើរតួធ្វើខ្លួនឯងផង និងប្រកួតផង»។ ព្រោះថាការធ្វើបែបនេះ គឺដើម្បីកាត់បន្ថយការចំណាយថវិកាជាតិ ជាពិសេសផ្តល់ឱកាសឲ្យកីឡាករ ដែលរំពឹងដណ្តើមបានមេដាយ បានចូលរួមប្រកួតកាន់តែច្រើន។»

ឯកឧត្តមបន្តថា៖ «មិនថា បាល់ទាត់ បាល់ទះ គឺគ្រប់វិស័យទាំងអស់ ត្រូវតែចូលរួមកែទម្រង់ ដើម្បីឈានទៅរកការទទួលបានផលប្រយោជន៍រួម មិនមែនកែដើម្បីមានជម្លោះផ្ទៃក្នុងនោះទេ។ ការកែទម្រង់ តែងតែមានប៉ះពាល់ជម្លោះផ្ទៃក្នុងខ្លះហើយ ព្រោះវាអាចប៉ះពាល់ដល់ទំនៀមទម្លាប់ ដែលយើងបានធ្វើពីមុនមក ប៉ុន្តែយើងត្រូវតែមានភាពក្លាហានក្នុងការវះកាត់ ដើម្បីឲ្យការងារមួយចំនួនអាចដំណើរទៅមុខបាន។»

ជាមួយគ្នានេះផងដែរចំពោះ សំណើរកាត់បន្ថយចំនួនថ្នាក់ដឹកនាំនេះ ត្រូវបានដាក់ស្នើទៅកាន់ ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាពិកកម្ពុជារួចហើយ នៅឡើយតែប្រជុំសម្រេចតែប៉ុណ្ណោះ។

គួបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មី ឆ្នាំ២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានត្រៀមកញ្ចប់ថវិកាឧបត្ថម្ភដល់សហព័ន្ធកីឡាជាតិចំនួន៤០ ប៉ុន្តែក្នុងនោះចំពោះសហព័ន្ធខ្លះដែលគ្មានសកម្មភាពបើសិនជារកឃើញថាសហព័ន្ធនោះមានភាពអសកម្ម និងគ្មានរបាយការណ៍ច្បាស់លាស់មកកាន់ក្រសួងទេ ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការព្រមានហើយនឹងធ្វើការពិចារណាដកការឧបត្ថម្ភតែម្ដង៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់