ឯកឧត្តម ស សុខា ជំរុញឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធចាប់ដៃគ្នាបំពេញចំណុចខ្សោយមុន SEA Games 2023 មកដល់

មាស សុផាណារ៉ុង February 6, 2020


 

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានស្នើទៅដល់មន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្តក្រុង ព្រមទាំងសហព័ន្ធកីឡាជាតិទាំងអស់ រួមគ្នាស្វែងរកចំណុចខ្វះខាត និងភាពអសកម្មនៅក្នុងឆ្នាំចាស់កន្លងមកដើម្បីកែលម្អរឡើងវិញឆ្ពោះទៅរកភាពជោគជ័យការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តមបានលើកឡើងបែបបនេះក្នុងឱកាស បិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ​និងកីឡា ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នាសាលប្រជុំទន្លេបាសាក់២។

ឯកឧត្តម ស សុខា បានមានប្រសាសន៍ឱ្យដឹងទៀតថា ស្របពេលដែលវិស័យកីឡាជាតិកំពុងតែមានភាពរីកចម្រើនហើយមានសហព័ន្ធកីឡាជាតិមួយចំនួនកំពុងតែមានការខិតខំប្រឹងប្រែងអភិវឌ្ឍន៍សកម្មភាពយ៉ាងផុលផុស ប៉ុន្តែក៏នៅមានសហព័ន្ធកីឡាជាតិមួយចំនួនតូចស្ថិតនៅក្នុងភាពអសកម្មនៅឡើយ។ ជុំវិញបញ្ហានេះលោកធ្វើការព្រមានចំពោះមុខថានៅត្រូវតែធ្វើការវះកាត់ចេញដើម្បីដើរឱ្យទាន់សភាពការ ជាពិសេសឆ្ពោះទៅរកភាពជោគជ័យសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង។

ឯកឧត្តមបានទទួលស្គាល់ថា គ្រប់ការងារទាំងអស់ក្រសួងអប់រំ យុវជន និងកីឡា តែម្នាក់ឯងមិនអាចធ្វើទៅរួចនោះទេ ត្រូវតែរួមដៃគ្នាតាំងពីសហព័ន្ធកីឡាជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់រាជធានី-ខេត្ត តែម្ដង ជាពិសេសគ្រប់ស្ថាប័ន្ធពាក់ព័ន្ធបូករួមទាំងវិស័យឯកជនផងដែរ។

សម្រាប់រដូវកាលថ្មី ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមកញ្ចប់ថវិកាឧបត្ថម្ភដល់សហព័ន្ធកីឡាជាតិចំនួន៤០ ប៉ុន្តែក្នុងនោះចំពោះសហព័ន្ធខ្លះដែលគ្មានសកម្មភាពបើសិនជារកឃើញថាសហព័ន្ធនោះមានភាពអសកម្ម និងគ្មានរបាយការណ៍ច្បាស់លាស់មកកាន់ក្រសួងទេ ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការព្រមានហើយនឹងធ្វើការពិចារណាដកការឧបត្ថម្ភតែម្ដង៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់