អាងហែលទឹកស្រុកកោះធំ ខេត្តកណ្តាល សាងសង់ប្រមាណជិត ៨៥ភាគរយ

មាស សុផាណារ៉ុង February 6, 2020


 

ភ្នំពេញ៖ លោក ហែម គីរី អគ្គលេខាធិការ និងជាសមាជិកសហព័ន្ធខ្មែរកីឡាហែលទឹក បានចុះត្រួតពិនិត្យអាងហែលទឹក ស្រុកកោះធំ ខេត្តកណ្តាល ក្រោយពីការកែសម្រួលបច្ចេកទេសម្តងទៀត ដែលពេលនេះសាងសង់បានប្រមាណជិត ៨៥ភាគរយ ហើយតាមការគ្រោងទុកអាងនេះនឹងបញ្ចប់នៅចុងខែកុម្ភៈ នេះ។

លោក ហែម គីរី បានប្រាប់ឲ្យដឹងថា៖ «អាងហែលទឹកនេះទៅតាមស្តង់ដារបច្ចេកទេស ដែលមានទទឹង ២០ម៉ែត្រ បណ្តោយ ២៥ម៉ែត្រ តាមខ្នាតស្ដង់ដារអន្តរជាតិ ហើយអាងនេះអាចរៀបចំធ្វើការប្រកួតជាលក្ខណៈអន្តរជាតិខ្នាតតូច និងសម្រាប់ការហ្វឹកហាត់ផងចំពោះកីឡាករ-កីឡាការិនីហែលទឹកស្រុកកោះធំ ខេត្តកណ្តាល ក្នុងការត្រៀមការប្រកួតកីឡាជាតិ លើកទី៣ ប្រព្រឹត្តិចាប់ថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។»

លោកបានបន្តថា អាងហែលទឹកនេះមានបន្ទប់ទឹកសម្រាប់កីឡាករ-កីឡាការិនីហែលទឹកប្រើប្រាស់ ការិយាល័យធ្វើការរបស់មន្ត្រី បន្ទប់បច្ចេកទេស (ប្រើប្រាស់សម្រាប់បញ្ជាការប្រកួត) និងទីលានអង្គុយទស្សនាដែលមានដំបូលផងដែរ។

សូមបញ្ជាក់ថា អាងហែលទឹកនេះស្ថិតនៅក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល គ្រោងចំណាយថវិកាអស់សរុបប្រមាណ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់សិស្សានុសិស្ស ក៏ដូចជាកីឡាករហែលទឹកអាចហ្វឹកហាត់កីឡាដើម្បីសុខភាព និងត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់