ឆ្នាំ២០២០ នេះ ការប្រកួតកីឡាសាកលវិទ្យាល័យ ថ្នាក់ជាតិ នឹងក្លាយជាទម្រង់ហ្គេម

មាស សុផាណារ៉ុង February 4, 2020


 

ភ្នំពេញ៖ បន្ទាប់ពីប្រកាសអំពីការដាក់ឲ្យមានការប្រកួតកីឡាសម្រាប់កម្រិតបឋមសិក្សា នឹងរៀបចំជាទម្រង់ហ្គេមថ្នាក់ជាតិ ជាលើកដំបូងនៅឆ្នាំ២០២០ ពេលនេះក៏មានការប្រកាសពីគម្រោងប្រកួតកីឡាសាកលវិទ្យាល័យប្រចាំឆ្នាំ ដែលនឹងរៀបចំជាទម្រង់ហ្គេមដូចគ្នា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត។

លោក ដួង មាសចំរើន បានប្រាប់ឲ្យដឹងថាសម្រាប់ឆ្នាំ២០២០ នេះការប្រកួតកីឡាសាកលវិទ្យាល័យប្រចាំឆ្នាំ នឹងរៀបចំជាទម្រង់ហ្គេមដែលគេហៅថា ការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ។

តាមការគ្រោងទុកការប្រកួតនឹងចាប់ផ្ដើមធ្វើពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ទាំងការបើកការប្រកួត និងបិទការប្រកួតនឹងធ្វើទីលានពហុកីឡដ្ឋានជាតិ។

សម្រាប់ការប្រកួតលើកទី១ នេះដោយមានការឯកភាពពី ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គនាយកដ្ឋានកីឡានោះ នាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស-និស្សិត សម្រេចដាក់កីឡាចំនួន ១២ប្រភេទដែលមានចំនួន ៩៥វិញ្ញាសាឲ្យប្រកួត ។

កីឡាទាំង ១២ប្រភេទនេះរួមមាន៖ កីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, កីឡាប៉េតង់, អត្តពលកម្ម, វាយសី, វាយកូនឃ្លីលើតុ, កីឡាការាតេ, តេក្វាន់ដូ I.T.F ( International Taekwondo Federation ) របស់កូរេខាងជើង, កីឡាតេក្វាន់ដូ WT ( World Taekwondo ) របស់កូរេខាងត្បូង, កីឡាហែលទឹក និងសីប៉ាក់តាក្រ។

នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត នឹងរៀបចំទីកន្លែងប្រកួតចំនួន ៥កន្លែងគឺ ពហុកីឡដ្ឋានជាតិ, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, វិទ្យាល័យបឹងត្របែក, វិទ្យាល័យជាស៊ីមបឹងកេងកង និងវិទ្យាល័យច្បារអំពៅ។

អាចនិយាយបានថា ចាប់ពីឆ្នាំ២០២០ នេះតទៅ គ្រប់ការប្រកួតកម្រិតសិស្ស-និស្សិត នឹងក្លាយទៅជាការប្រកួតថ្នាក់ជាតិ ដែលនឹងរៀបចំជាទម្រង់ហ្គេម បន្ទាប់ពីឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឲ្យមានការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ ​លើក​ទី១​ ( សិស្សវិទ្យាល័យ ) ផងដែរ ដែលជាឆ្នាំដំបូងនេះត្រូវបានដាក់កីឡាចំនួន ១១ប្រភេទឲ្យប្រកួត ដែលរួមមានចំនួន ៩៥វិញ្ញាសា ហើយនៅឆ្នាំនេះនាអំឡុងពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា នឹងមានការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិ លើកទី១ ជាទម្រង់ហ្គេម ដូចគ្នា ដ្បិតកន្លងមកស្ថិតក្នុងក្របខណ្ឌជ្រើសរើសជើងឯកទូទាំងប្រទេស៕

 

ចុចអានអត្ថបទ៖ ការប្រកួតកីឡាបឋមសិក្សា ទម្រង់ហ្គេមថ្នាក់ជាតិ នឹងចាប់ផ្ដើមជាលើកដំបូង នៅឆ្នាំ២០២០ នេះ

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់