ក្លិបកីឡាគុនដាវ HYSA គ្រងជើងឯកកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ លើកទី៦

មាស សុផាណារ៉ុង February 3, 2020


 

ភ្នំពេញ៖ ក្លិបកីឡាគុនដាវ HYSA គ្រងតំណែងជើងឯកនៃការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ លើកទី៦ បន្ទាប់ពីដណ្តើមមេដាយច្រើនជាងគេងដែលប្រារព្ធធ្វើឡើងនៅវិទ្យាល័យឥន្រ្ទរទេវី រៀបចំដោយសហព័ន្ធកីឡាគុនដាវកម្ពុជា ក្រោមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក សុខ អាង អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថាការប្រកួតជើងឯកឆ្នាំនេះសហព័ន្ធបានដាក់ ៤វិញ្ញាសា រួមមានវិញ្ញាសា ឯកត្តជនបុរសដាវធំ, វិញ្ញាសាឯកត្តជននារីដាវកាប់, វិញ្ញាសាឯកត្តជនបុរសដាវកាប់ និងវិញ្ញសាចម្រុះឯកត្តជនដាវតូច ដោយមានការចូលរួមពីបណ្តាលក្លិបកីឡាគុនដាវចំនួន៧ ដូចជាក្លិបកីឡាគុនដាវ HYSA, ក្លិបកីឡាគុនដាវ PFC, ក្លិបកីឡាគុនដាវ Western, ក្លិបកីឡាគុនដាវសន្ធរមុខ, ក្លិបកីឡាគុនដាវហូសាណា, ក្លិបកីឡាគុនដាវឥន្រ្ទរទេវី និងក្លិបកីឡាគុនដាវសាមគ្គី។

លោកបានបន្តថា ឆ្លងកាត់ការប្រកួតមួយថ្ងៃពេញ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ក្លិបកីឡាគុនដាវ HYSA បានគ្រងតំណែងជើងឯក ដោយដណ្តើមមេដាយមាស ២គ្រឿង និងសំរិទ្ធ ១គ្រឿង រីឯក្លិបកីឡាគុនដាវសាមគ្គី ទទួលជើងឯករង ដោយដណ្តើមមេដាយមាស ១គ្រឿ និងប្រាក់ ២គ្រឿង ចំណែកក្លិបកីឡាគុនដាវ PFC ឈ្នះមេដាយមាស ១គ្រឿង និងសំរិទ្ធ ១គ្រឿង។ ចំពោះក្លិបកីឡាគុនដាវឥន្រ្ទរទេវី ទទួលបានមេដាយប្រាក់ ២គ្រឿង និងសំរិទ្ធ១គ្រឿង និងក្លិបកីឡាគុនដាវសាលារៀនហូសាណា ដណ្តើមមេដាយសំរិទ្ធ ៣គ្រឿង៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់