សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨-២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០

មាស សុផាណារ៉ុង January 31, 2020


 

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចូលរួមសន្និបាតសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បូកសរុបលទ្ធផលការងារឆ្នាំ២០១៨-២០១៩ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រកាសតែងតាំងសមាជិក ៣រូបបន្ថែមទៀតគឺ លោក វ៉ា ពិសី ជាទីប្រឹក្សាអ្នកច្បាប់របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា លោក ជីន សំណាង ជាគ្រូពេទ្យសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងលោក ណយ ផាណា ជាអគ្គលេខាធិការរងសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា។

លោក សំ សុខយី អគ្គលេខាធិការបានប្រាប់ឲ្យដឹងថា សហព័ន្ធសមាជិកគណៈកម្មាធិការប្រតិបត្តិ ចំនួន ១៣នាក់ មានសមាជិកក្លឹប ៧រួមមាន កីឡាករ-កីឡាការិនី ២៩នាក់ ស្រី ៧នាក់ រួមមាន ក្លឹបហាត់ប្រាណ-លើកទម្ងន់ រ៉ាវី ផ្សារបូរីដំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ, ក្លិបហាត់ប្រាណ-លើកទម្ងន់រោមជើម ទីតាំង សង្កាត់បឹងកក់២ ខណ្ឌ៧មករា, ក្លិបហាត់ប្រាណ-លើកទម្ងន់គឺងកុង ទីតាំងមុនតិចណូសង្កាត់ទឹកល្អក់ ខណ្ឌទួលគក, ក្លិបហាត់ប្រាណ-លើកទម្ងន់រាជសីហ៍ ផ្ទះ៣៥ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ, ក្លិបហាត់ប្រាណ-លើកទម្ងន់វត្តបូព៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក សៀមរាប, ក្លិបហាត់ប្រាណ-លើកទម្ងន់គីងកុង ខេត្តកំពត និងក្លិបហាត់ប្រាណ-លើកទម្ងន់ប្ញស្តារ ខេត្តកំពត។

លោកបានបន្តថា៖ «យើងបានធ្វើលិខិតស្នើសុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់កម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ជាសមាជិកពេញសិទ្ធិរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាណត្តិទី១ ប្រចាំឆ្នាំ២០១៨-២០២២។ រៀបចំកសាងបានលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងលិខិតស្នើសុំក្រសួងអប់រំ យុវជន និងកីឡា ចេញប្រកាសទទួលស្គាល់ និងអនុញ្ញាតគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បំពេញភារកិច្ចអាណត្តិ ហើយរៀបចំកសាងបានផែនការយុត្តិសាស្ត្រ អភិវឌ្ឍកីឡាលើកទម្ងន់កម្ពុជា ឆ្នាំ២០១៩-២០២៣ របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា អាណត្តិទី១ និងផែនការប្រចាំឆ្នាំ២០១៩។»

សូមបញ្ជាក់ថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៨ ដោយបានសម្រេចនូវផែនការមួយចំនួន ក្នុងសកម្មភាពបំផុសស្មារតីឲ្យយុវជននានាឲ្យចូលរួមលេងកីឡាមួយនេះ ជាបន្តបន្ទាប់៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់