ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ជ្រើសរើសជើងឯកភូមិភាគវាលរាប បិទបញ្ចប់ជាផ្លូវការ

មាស សុផាណារ៉ុង January 30, 2020


 

កណ្តាល៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ជ្រើសរើសជើងឯកភូមិភាគវាលរាប «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០» កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅមាត់ទន្លេសួនច្បារក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖ «ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ រយៈពេល ២ថ្ងៃនេះ គឺជាការផ្តល់ឱកាសដល់កីឡាករ-កីឡាការិនី បញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេសដែលបានហ្វឹកហាត់នាពេលកន្លងមក ហើយជ័យជម្នះដែលកីឡាករ-កីឡាការិនីទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការខិតខំហ្វឹកហាត់ជាប្រចាំ បូកផ្សំការតស៊ូព្យាយាមគោរពវិន័យ ក្រមសីលធម៌ល្អ និងបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវនៅក្នុងការប្រកួត។»

លោកបានបន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកម្ពុជាទទួលបាននូវការឯកភាពជាតិ សុខសន្តិភាពពេញលេញ និងទទួលបានទំនុកចិត្តពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។ ជាពិសេស យើងត្រូវ «សូមអរគុណ សន្តិភាព ដែលយើងស្រលាញ់ និងការពារសន្តិភាពនេះ បើទោះបីជាក្នុងតម្លៃណាក៏ដោយ ទើបយើងមានឱកាសទទួលបានព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នេះ»។

ដើម្បីឲ្យកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណី ឬហៅថា «ទូកនាគ» កាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព អាចចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ និងទូករ៉ូអ៊ីង ទូទាំងប្រទេស និងត្រូវមានធនធាន និងសម្ភារៈហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ជាអាទិ៍ សមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធ ចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ក៏ដូចជាចូលរួម ប្រកួតទាំងថ្នាក់ភូមិភាគ និងថ្នាក់ជាតិ។

លោកអនុប្រធានទី១ បានបន្ថែមទៀតថា ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងសមាគមកីឡាទូកទូទាំងប្រទេស ដោយផ្តោតលើការបំពេញមុខងាររបស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួតបានគ្រប់កម្រិត។ ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន ព្រមទាំងជំរុញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធ ឲ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជនជាតិ និងអន្តរជាតិ៕

 

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់