អគ្គនាយកកីឡា អំពាវនាវសហព័ន្ធកីឡាជាតិ ទាំង៣០ប្រភេទត្រៀមសម្រាប់ការប្រកួតកីឡាជាតិ លើកទី៣

មាស សុផាណារ៉ុង January 30, 2020


 

ភ្នំពេញ៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំកិច្ចប្រជុំលើកទី២ ជាមួយសហព័ន្ធកីឡាជាតិទាំង២៩ ( អវត្តមាន សហព័ន្ធកីឡាបង្ហាត់ជិះសេះ ) ដើម្បីត្រៀមលក្ខណៈការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០ នៅសាលប្រជុំនាយកដ្ឋាន។

កិច្ចប្រជុំការត្រៀមលក្ខណៈការប្រកួតកីឡាជាតិ លើកទី៣ ផ្តោតលើរបៀបវារៈធំៗចំនួន៣ គឺពិនិត្យលទ្ធភាពក្នុងការសហការរៀបចំរបស់សហព័ន្ធកីឡាជាតិទាំង៣០ រៀបចំបទបញ្ជាប្រកួត និងវិញ្ញាសាតាមប្រភេទកីឡានិមួយៗ ដើម្បីរៀបចំបោះពុម្ភសៀវភៅ Technical Handbook និងពិនិត្យទីលានប្រកួត សម្ភារបច្ចេកទេស។

ក្នុងឱកាសនោះឯកឧត្តម អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា៖ «សហព័ន្ធកីឡាជាតិទាំង៣០ ត្រូវបញ្ជូនលិខិតស្នើសុំ និងឯកសារជាប់ពាក់ព័ន្ធនៃការប្រកួតកីឡាជាតិ «National Games 2020» លើកទី៣ ឆ្នាំ២០២០ ឲ្យបានតាមការកំណត់របស់ ក្រសួងអប់រំ យុវជន និងកីឡា។ ប្រសិនបើសហព័ន្ធកីឡាមួយចំនួនមិនព្រមបញ្ជូលឲ្យទេ យើងនឹងដកចេញពីការប្រកួត ដោយរកសហព័ន្ធណាដែលសក្តានុភាពមកជំនួសវិញ។»

ឯកឧត្តមបានបន្តថា ការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ មានប្រភេទកីឡាចំនួន១៥ និងវិញ្ញាសាមានចំនួន១៨៩ រាជធានី-ខេត្ត ចំនួន២៥ ដោយមានមន្រ្តីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៥៣១នាក់ កីឡាករចំនួន ១៤៩៧នាក់ កីឡាការិនី មានចំនួយ ៦០៩នាក់ សរុបចំនួន ២៦៣៧នាក់។ ចំណែកកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ មានប្រភេទកីឡាចំនួន២៧ និងវិញ្ញាសាមានចំនួន ២៧៤ រាជធានី-ខេត្ត២៥ និង ៣ក្រសួង គឺក្រសួងការពារជាតិ, មហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៧៥៩នាក់ កីឡាករចំនួន ២២៨៤នាក់ កីឡាការិនី មានចំនួន ៩៩៩នាក់ សរុបចំនួន ២៦៣៧នាក់។

ការប្រកួតកីឡាជាតិលើកទី២ មានរហូតដល់ ២៧ប្រភេទកីឡា ដូច្នេះក្រុមគណៈកម្មការត្រូវជ្រើសរើសយកទីលានចំនួន ៤រាជធានី-ខេត្ត រៀបចំធ្វើគឺរាជធានីភ្នំពេញ, ខេត្តកែប, កំពត និងខេត្តកំពង់ធំ។

ចំពោះកីឡាជាតិ លើកទី៣ មានកីឡា ៣០ប្រភេទត្រូវដាក់ប្រកួត រួមមានកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ W.T (World Taekwondo) របស់កូរ៉េខាងត្បូង, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សាកល, ហ្សូរិនជីកាំប៉ូ និង តេក្វាន់ដូ I.T.F (International Taekwondo Federation) របស់កូរ៉េខាងជើង។ ក្រៅពីនេះនៅមានប្រភេទកីឡាការ៉ាតេដូ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, សូហ្វតិន្នីស, បេស្បល, ប្រណាំងកង់, សីដក់, កីឡាបាញ់កាំភ្លើង និង វ៉ូវីណាម ហើយឆ្នាំនេះក្រសួងសម្រេចថែម ៣ប្រភេទកីឡាទៀត គឺម៉ូតូទឹក អុកចត្រង្គ និងកីឡាជិះសេះ។

សូមបញ្ជាក់ថា តាមគម្រោងការប្រកួតកីឡាជាតិលើកទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់