ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បន្តដឹកនាំសហព័ន្ធកីឡាការ៉ាតេដូ រហូតដល់ឆ្នាំ ២០២៤

មាស សុផាណារ៉ុង January 28, 2020


 

ភ្នំពេញ៖ បន្ទាប់ដឹកនាំសហព័ន្ធកីឡាការ៉ាតេដូ អស់រយៈពេលជាង ៤ឆ្នាំ ក្នុងអាណត្តិទី៨ កន្លងមកនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានគណៈកម្មការប្រត្តិបត្តិសហព័ន្ធ សម្រេចជ្រើសតាំងលោកជាប្រធានបន្តទៀត រហូតដល់ឆ្នាំ២០២៤ ខណៈ ៤ឆ្នាំកន្លងមកកីឡាប្រភេទនេះបានទទួលការរីកចម្រើនខ្លាំងគួអោយកត់សម្គាល់។

សមាជិកប្រតិបត្តិសហព័ន្ធ អាណត្តិទី៩ គឺមាន ២១នាក់ ដោយឯកឧត្តមឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន និងអនុប្រធាន ៦នាក់ មានឯកឧត្តម លឹម គានហោ, ឯកឧត្តម ជូ វិចិត្រ, ឯកឧត្តម សុក ស៊ីផាន់ណា, ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា, ឯកឧត្តម ហាវ រតនៈ និងលោក សាយ ណូរ៉ា។ រីឯឯកឧត្តម វ៉ាត់ ចំរើន បន្ដធ្វើជាអគ្គលេខាធិការ និងអគ្គលេខាធិការរង ៤រូប មានលោក ណុប វឌ្ឍថារ៉ូ, លោក ម៉ិញ បានកុសល, លោក អ៊ិក សុខមនី និងលោក ដែក ភារៈ។ ចំណែកលោក កែវ បេងវឌ្ឍន៍ ជាអគ្គហេរញ្ញិក និងអគ្គហេរញ្ញិករង ៤រូប មានលោក អ៊ឹម សិទ្ធីរ៉ា, លោក ជាប ដាវុធ, លោក ប៉ូ វឌ្ឍសុខ និងលោក រ័ត្ន មុនី ព្រមទាំងសមាជិក ៤រូបទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានថ្លែងថា៖ «ក្រោយលោកដឹកនាំសហព័ន្ធ ១អាណត្តិកន្លងទៅ គោលការណ៍អាទិភាពចំនួន៤ ដែលលោកបានដាក់ចេញ គឺបានអនុវត្តន៍ជោគជ័យ រួមមានការរៀបចំកសាងមជ្ឈមណ្ឌលជាតិបណ្ដុះបណ្ដាលកីឡាការ៉ាតេ ការរៀបចំក្រុមជម្រើសជាតិប្រកបដោយគុណវុឌ្ឍ ការពង្រឹងយន្ដការគ្រប់គ្រង និងដឹកនាំ និងការស្វែងរកជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ។ ប៉ុន្ដែដើម្បីធានាការអភិវឌ្ឍកាន់តែមានប្រសិទ្ធភាព លោកបានដាក់ចេញនូវបេសកកម្ម និងភារកិច្ចចម្បងៗចំនួន៥ ទៀត។»

បេសកកម្ម និងភារកិច្ចថ្មី ដែលប្រធានសហព័ន្ធខាងលើបានដាក់ចេញរួមមាន៖ «ទី១- អភរក្ស និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកីឡាការ៉ាតេ ដើម្បីធ្វើសុខដុមនីយកម្មមហាគ្រួសារកីឡាការ៉ាតេកម្ពុជា និងអភិវឌ្ឍន៍វិស័យកីឡាការ៉ាតេប្រកបដោយនិរន្ដរភាព។ ទី២-ធ្វើប្រជាប្រិយភាវូបនីយកម្មកីឡាការ៉ាតេក្នុងសង្គមជាតិ។ ទី៣-ពង្រឹងអភិបាលកិច្ចល្អ និងតម្លាភាពក្នុងការគ្រប់គ្រង និងដឹកនាំ។ ទី៤-ជំរុញល្បឿនអភិវឌ្ឍន៍បច្ចេកទេសកីឡាការ៉ាតេកម្រិតខ្ពស់ និងទី៥-បង្កើតមូលនិធិកីឡាការ៉ាតេ ដើម្បីកៀរគរចំណូល សម្រាប់ទ្រទ្រង់សកម្មភាព និងការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជា។»

ជាមួយគ្នានេះដែរ លោកក៍បានប្រកាសឧបត្ថម្ភថវិកាផ្ទាល់ខ្លួនក្នុង ១ឆ្នាំ ៥ម៉ឺនដុល្លារ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជាឲ្យកាន់តែរីកចម្រើន សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់