ព្រឹត្តិការណ៍ «ថ្មើរជើងប្រវត្តិសាស្រ្ត-អន្លង់វែង» នឹងធ្វើនៅដើមខែកុម្ភៈ

មាស សុផាណារ៉ុង January 28, 2020


 

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាទេសចរណ៍ «ថ្មើរជើងប្រវត្តិសាស្រ្ត-អន្លង់វែង» ខេត្តឧត្តរមានជ័យ លើកទី២ ដែលគ្រោងនឹងធ្វើឡើងនាដើមខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខឆាប់នេះនឹងត្រូវបង្កើនរយៈពេលរហូតដល់ ៣ថ្ងៃ គឺថ្ងៃទី០៧ ដល់ថ្ងៃ០៩ ខែកុម្ភៈ ខាងមុខ ដើម្បីទាក់ទាញ និងពង្រីកសក្តានុពលឲ្យកាន់តែកក្រើកនៅលើអតីតទឹកដីនៃការតស៊ូចុងក្រោយនៃរបបខ្មែរក្រហម។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា មានប្រសាសន៍ថា ដើម្បីបង្កើនការអភិវឌ្ឍបន្ថែមស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត និងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានសហការគ្នា ដោយមានភាគីថៃក៏បានចូលរួមផងដែរ ដែលនឹងធ្វើឲ្យព្រឹត្តិការណ៍កីឡាទេសចរណ៍នៅតំបន់តស៊ូចុងក្រោយនៃរបបខ្មែរក្រហមមួយនេះកាន់តែទាក់ទាញបន្ថែមទៀត។

ព្រឹត្តិការណ៍នេះកំពុងវិវឌ្ឍពីមួយជំហានទៅមួយជំហាន ដោយកាលពីលើកទី១ ឆ្នាំ២០១៩ ព្រឹត្តិការណ៍ «ថ្មើរជើងប្រវត្តិសាស្រ្ត-អន្លង់វែង» ខេត្តឧត្តរមានជ័យ នេះមានលក្ខណៈតូចចង្អៀត ដែលជាការចាប់ផ្តើមដំបូង ប៉ុន្តែឆ្នាំទី២ ដែលគ្រោងនឹងធ្វើនាដើមខែកុម្ភៈ ឆ្នាំ២០២០ នេះ នឹងកាន់តែធំ និងទាក់ទាញពីអ្នកចូលរួមកាន់តែច្រើន ដែលមានរយៈពេលវែងជាងមុន និងមានសកម្មភាពច្រើនជាងមុនដោយតាមការគ្រោងទុកនឹងមានអ្នករត់ចូលរួមប្រមាណ ១,៥០០នាក់ ក្នុងនោះអ្នករត់មកពីប្រទេសថៃមានចំនួន ៧៥០នាក់។ ក្រៅពីនេះនឹងមានការជិះកង់កម្សាន្ត ១០គីឡូម៉ែត្រ ដែលមានចន្លោះ ៧០០ ទៅ ៨០០នាក់ ក្នុងនោះអ្នកជិះកង់មកពីថៃ ប្រមាណ ៣០០នាក់ដែរ។

លោកបន្ថែមថា៖ «យើងនឹងរៀបចំព្រឹត្តិការណ៍ឆ្នាំនេះធំជាងឆ្នាំមុន តាមរយៈការអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ជាពិសេស គឺយើងនឹងបញ្ជ្រៀបការផ្សព្វផ្សាយទៅតាមស្ថានទូតនានា តាមរយៈមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីទទួលបានការគាំទ្រ និងការចូលរួមផងដែរ។ ព្រឹត្តិការណ៍ព្រឹត្តិការណ៍កីឡា-ទេសចរណ៍ “ថ្មើរជើងប្រវត្តិសាស្រ្ត-អន្លង់វែង” ឆ្នាំទី២ នេះនឹងរៀបចំក្នុងរយៈពេល ៣ថ្ងៃ ដោយសារការគាំទ្រ និងចូលរួមកាន់តែច្រើន ជាពិសេសគឺយើងធ្វើឲ្យមានការប្រែប្រួល ពីមួយព្រឹត្តិការណ៍ទៅមួយព្រឹត្តិការណ៍ឲ្យមានភាពប្លែក និងអស្ចារ្យ។ យើងមើលទៅលើលទ្ធភាពនៃការរៀបចំដោយក្រៅអំពីការឧបត្ថម្ភគាំទ្រពីក្រសួងទេសចរណ៍ អាជ្ញាធរខេត្តឧត្តរមានជ័យ ដែលជាម្ចាស់ផ្ទះ គឺយើងតែងតែស្វែងរកដៃគូឧបត្ថម្ភគាំទ្របន្ថែមតាមរយៈការរៀបចំទីតាំងលក់ដូផលិតផល ការរៀបចំសិល្បៈកម្សាន្ត ជាដើម ហើយនៅថ្ងៃចុងក្រោយនឹងមានការបាញ់កាំជ្រួចអបអរទិវានេះឲ្យកាន់តែគគ្រឹកគគ្រេងផងដែរ។»

លោកអះអាងថា តាមគោលដៅរបស់គណៈកម្មការ គឺនឹងពង្រីកព្រឹត្តិការណ៍នេះឲ្យកាន់តែធំឡើងបន្ថែមទៀត នាឆ្នាំបន្តបន្ទាប់ ដោយគ្រោងនឹងពង្រីកវិញ្ញាសាថ្មើរជើងប្រវត្តិសាស្រ្តនេះពី ៤គីឡូម៉ែត្រទៅ ១០គីឡូម៉ែត្រ ឬពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ ហើយក៏នៅក្នុងស្រុកអន្លង់វែងនេះមានតំបន់ទាក់ទាញច្រើនដែលអាចរៀបចំទិវារត់ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ (Ultra Trail) លក្ខណៈផ្សងព្រេងពីខាងក្រោមមកដល់លើកំពូលភ្នំដងរែងនៃច្រកព្រំដែនកម្ពុជា-ថៃ។

ព្រឹត្តិការណ៍កីឡា-ទេសចរណ៍ “ថ្មើរជើងប្រវត្តិសាស្ត្រ” នៅលើភ្នំដងរែក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺជាការចាប់ផ្តើមថ្មី សម្រាប់ស្រុកអន្លង់វែង ដើម្បីគាំទ្រដល់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហម៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់