ប្រមុខសហព័ន្ធកីឡាវាយកូនឃ្លីលើតុ៖ វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលកម្រិតមូលដ្ឋាន ខ្លីតែមានគុណភាព

មាស សុផាណារ៉ុង January 23, 2020


 

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដែលជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានសម្ដែងការកោតសរសើរ ថាវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម កីឡាវាយកូនឃ្លីលើតុ ដែលមានរយៈពេលខ្លីតែត្រឹម៥ថ្ងៃ មែនតែជាវគ្គមួយប្រកបដោយគុណភាពល្អ។

លោកថ្លែងបែបនេះនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលកម្រិតមូលដ្ឋាន ដែលវគ្គនេះបានដំណើរការរយៈពេល ៥ថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមករា។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងជាអ្នកគ្រប់គ្រងវគ្គនេះផ្ទាល់ បានឲ្យដឹងថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ២៥រូប ដែលក្នុងនោះ ១៤រូបជាមន្ត្រី មន្ត្រីរបស់សហព័ន្ធ និង ១១រូបជាមន្ត្រីមកពីនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត។

វគ្គបណ្តុះបណ្តាលបច្ចេកទេសអាជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុ សហព័ន្ធមានគោលបំណង ២ធំៗ គឺសហព័ន្ធចង់ពង្រឹងសមត្ថភាពអាជ្ញាកណ្តាលថ្នាក់ជាតិឲ្យបានរឹងមាំ អាជ្ញាកណ្តាលពិតប្រាកដ ថ្នាក់ជាតិសិន បន្ទាប់មកនឹងជំរុញពួកគាត់ឲ្យក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ។

លោកបានបន្តថាការជំរុញឲ្យក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិនេះដើម្បីត្រៀមខ្លួនរបស់សហព័ន្ធសម្រាប់ព្រឹត្តិការណ៍ការប្រកួត SEA Games 2023 លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតនោះ ក្នុងការប្រើប្រាស់អាជ្ញាកណ្តាលកម្រិតអន្តរជាតិរបស់កម្ពុជាឲ្យអស់សមត្ថភាព។

វគ្គនេះសិក្សា បញ្ចប់ទៅដោយទទួលបានលទ្ធផលល្អជាង ៨០ភាគរយ លោកពន្យល់ថាមូលហេតុដែលការសិក្សានេះបាន ទទួលនូវផ្លែផ្កាល្អដោយសារតែសិក្ខាកាមស្ទើរតែទាំងអស់ជាមន្ត្រីចាស់ដែលធ្លាប់បម្រើការងារជាអាជ្ញាកណ្ដាល ចៅក្រមពីមុនមកគ្រាន់តែរយៈកាលកន្លងមកមិនមានគេប្រើប៉ុណ្ណោះ។ វគ្គនេះឧទ្ទេសនាមដោយលោក ស៊ុន រតនា ដែលបង្រៀនដោយលោកគ្រូ ស៊ុន រតនា ជាអាជ្ញាកណ្តាល កម្រិតអន្តរជាតិរបស់កម្ពុជា ហើយលោកបានប្រឡង់ជាប់កីឡាវាយកូនឃ្លីលើតុ កាលឆ្នាំ២០១០ ដោយទទួលស្គាល់ពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ «ITTF» ដែលមានសិក្ខាកាមចូលរួមចំនួន ២៥នាក់ ក្រោមការឧប្ថម្ភគាំទ្រថវិកាពី ក្រសួងអប់រំ យុវជន និងកីឡា៕

 

រូបភាព៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា – CTTF

អត្ថបទ៖ វ៉ាន្នី

មតិយោបល់