បឹងកេត ចេញទៅចូលរួមប្រកួតពាន Edy Rahmayadi Cup នៅឥណ្ឌូនេស៊ី រសៀលនេះ

មាស សុផាណារ៉ុង January 14, 2020


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត នឹងចាកចេញពីមាតុប្រទេស នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នេះ ដើម្បីទៅចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ Edy Rahmayadi Cup 2020 នៅប្រទេសឥណ្ឌូនេស៊ី។

តាមគម្រោង សមាសភាពក្រុមទាំងមូលនឹងចាកចេញពីទឹកដីកម្ពុជា នៅវេលាម៉ោង ២:២៥ នាទីរសៀល តាមជើងហោះហើរលេខ AK539 ឆ្ពោះទៅប្រទេសម៉ាឡេស៊ី ជាមុនសិន មុននឹងបន្តទៅប្រទេសឥណ្ឌូនេស៊ី ដែលតាមគម្រោង គ្រោងនឹងទៅដល់នៅវេលាម៉ោង ១១យប់ថ្ងៃដដែល។

គួរបញ្ជាក់ថា ពានរង្វាន់មិត្តភាពអន្ដរជាតិ Edy Rahmayadi Cup 2020 គ្រោងនឹងប្រកួតរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២០ ដោយមាន ៤ក្លឹបមកពី ៤ប្រទេសផ្សេងគ្នាចូលរួម ដូចជាក្លឹបម្ចាស់ផ្ទះឥណ្ឌូនេស៊ី PSMS Medan, ក្លឹប Felda United, Penang FA (ម៉ាឡេស៊ី) និងក្លឹបបឹងកេត តំណាងប្រទេសកម្ពុជា។

សម្រាប់បឹងកេត នឹងត្រូវជួបក្រុម Penang FA (ម៉ាឡេស៊ី) នៅថ្ងៃទី១៦ ខែមករា ហើយក្រុមដែលឈ្នះ នឹងត្រូវជួបក្រុមឈ្នះរវាង ម្ចាស់ផ្ទះឥណ្ឌូនេស៊ី PSMS Medan ជាមួយ Felda United ដែលនឹងប្រកួតនៅថ្ងៃទី១៨ ខែមករា។

 

រូបភាព៖ ក្លឹបបឹងកេត – Boeung Ket Football Club

អត្ថបទ៖ បុត្រា

មតិយោបល់