គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីចម្ងាយ១០គីឡូម៉ែត្រ នៅថ្ងៃសិទ្ធិនារី

មាស សុផាណារ៉ុង January 14, 2020


 

ភ្នំពេញ៖ ថ្ងៃទី៨ ខែមីនា ខាងមុខនេះ គណៈកម្មការស្ត្រី អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីចម្ងាយ១០គីឡូម៉ែត្រ ដើម្បីបញ្ជាក់អោយដឹងថាស្រ្តីក៏អាចធ្វើបាន និងអាចបំបែកឯតទគ្គកម្មក្នុងវិស័យកីឡាដូចបុរសដែរ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៣ ខែមករា ថា៖ «ដោយថ្ងៃទី៨ មីនា ជាថ្ងៃអាទិត្យ នោះគណៈកម្មការស្ត្រីនិងកីឡា រួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយ៍ បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីផ្សារភ្ជាប់ជាមួយបុណ្យទិវាសិទ្ធិនារី នៅរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីមុខវត្តបទុមវត្តី ដែលជាជម្រើសទី១ របស់គណ:កម្មការ ដោយរត់តាមផ្លូវសុធារស រួចចូលទៅក្នុងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ បន្ទាប់មកចេញមកវិញតាមផ្លូវព្រះស៊ីសុវត្ថិ កាត់មុខវត្តឧណ្ណាលោមឆ្ពោះទៅទីផ្តាច់ព្រ័ត្រនៅមុខវត្តបុទុមវត្តី ដដែល។»

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ព្រឹត្តិការណ៍នេះ មានរត់ ១០គីឡូម៉ែត្រនារី និងរត់ ៤គីឡូម៉ែត្រនារី ឡើង តែលោកបញ្ជាក់ថាព្រឹត្តិការណ៍នេះគឺបើកទូលាយមិនសម្រាប់តែនារីទេ បុរសក៏អាចចុះឈ្មោះចូលរួមបានដែរ។

សម្រាប់ការចុះឈ្មោះរត់ លើវិញ្ញាសា ១០គីឡូម៉ែត្រ ជនបរទេសតម្លៃ ២០ដុល្លារអាមេរិក ប្រជាជនខ្មែរ ១២ដុល្លារអាមេរិក ហើយសម្រាប់វិញ្ញាសា ៤គីឡូម៉ែត្រជនបរទេស តម្លៃ ១៥ដុល្លារអាមេរិក និងប្រជាជនខ្មែរ ៧ដុល្លារអាមេរិក។

លោកជំទាវ កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡា មានប្រសាសន៍ដែរថា កម្មវិធីរត់ ប្រណាំងចម្ងាយ ១០ម៉ែត្រនេះគឺយើងចង់បង្ហាញពីការគាំទ្រចំពោះស្ត្រីដែលឆ្លងតាមរយៈការរត់នេះក៏នឹងបង្ហាញឲ្យឃើញថាស្ត្រីអាចបំបែកឯកទគ្គកម្មបានដែរនៅក្នុងវិស័យកីឡា ពិសេសកីឡារត់ប្រណាំងបន្ថែមលើកីឡាផ្សេងៗដែលស្រ្តីធ្លាប់ធ្វើបានសម្រេចនាពេលកន្លងមក។ ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមពីវីរៈកីឡាការិនីដែលមានស្នាដៃឆ្នើមនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពីតារាចំរៀង និងសម្តែងល្បីៗផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងបន្ថែមទៀតថាព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ចលនាស្ត្រីនៅក្នុងវិស័យកីឡា ទី២ ការការពារ និងលើកស្ទួយសមភាពយេនឌ័រ និងគោលបំណងទី៣ គឺរួមចំណែកការពារថែរក្សាបរិស្ថាន ដែលកម្ពុជាបច្ចុប្បន្នកំពុងបើកយុទ្ធនាការកម្ពុជាស្អាត។

ឯកឧត្តមបានបន្ថែមថា៖ «ការរៀបចំធ្វើកម្មវិធីនេះនៅឆ្នាំទី១ ទី២ ទី៣ បើទទួលបានផលល្អ ឬបានអត្ថប្រយោជន៍ច្រើនពីការរៀបចំនេះទេ យើងនឹងរៀបចំកម្មវិធីសម្រាប់ស្ត្រីទៀតដើម្បីបង្កើតជាមូលនិធិសម្រាប់ទិញជាសម្ភារ:កីឡា ដូចជាបាល់ និងសម្ភារៈកីឡាផ្សេងៗទៀត ឬធ្វើកម្មវិធីសម្រាប់ស្ត្រីនៅក្នុងចលនាកីឡាដើម្បីឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់