ប្រធានអង្គភាពកីឡានគរបាលជាតិ ផ្ដល់ តាបពី តម្លៃជាង ៤ពាន់ដុល្លារដល់ សហព័ន្ធខ្មែកីឡាហាប់គីដូកម្ពុជា

មាស សុផាណារ៉ុង January 13, 2020


 

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នេះ ប្រធានអង្គភាពកីឡានគរបាលជាតិ ឯកឧត្តម ជា ប៊ុនហេង បាននាំយកតាបពី ដែលមានតំលៃជាង ៤ពាន់ដុល្លារ មកប្រគល់ជូនសហព័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជា ដើម្បីបន្តជម្រុញ និងអភិវឌ្ឍន៍ប្រភេទកីឡាមួយនេះនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសឆ្ពោះទៅឆាកអន្តរជាតិនាពេលខាងមុខ។

បើតាមការថ្លែងរបស់ឯកឧត្តម ជា ប៊ុនហេង បានបញ្ជាក់ថា៖ «ថ្ងៃនេះខ្ញុំចង់បង្ហាញពីទឹកចិត្តដែលស្រឡាញ់កីឡាហាប់គីដូ និយាយរួមគឺ ស្រឡាញ់ផ្នែកប្រភេទកីឡាប្រយុទ្ធតែម្ដង ខ្ញុំគិតថាពេលដែលយើងជួយឧបត្តម្ភក្នុងវិស័យកីឡាលើប្រភេទកីឡាណាមួយនោះ ប្រភេទកីឡាមួយនោះ វានឹងរីកចម្រើន អាចហ្វឹកហាត់បានសព្វបែបយ៉ាងគ្រប់ផ្នែកវិស័យកីឡាប្រយុទ្ធ ជាពិសេសគឺកីឡាហាប់គីដូមួយនេះ។»

លោកបន្តថា៖ «តាពីដែលយើងកំពុងឈរលើនេះ តាមពិតជាតាបពីរបស់កូរ៉េដែលមានតំលៃថ្លៃគួសមដែរ ដែលមានប្រវែងជាង ១៣០ម៉ែត្រការ៉េ ក្នុងតំលៃជាង ៤ពាន់ដុល្លារ។ ហើយតាបពីនេះជាតាបពីដែលស្ថិតនៅក្នុងកម្រិតអន្តរជាតិ ព្រោះថានៅពេលដែលគេរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺគេប្រើតាបពីប្រភេទនេះយកទៅប្រកួត។»

ជាមួយគ្នានេះដែរលោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា ក៏បានមានប្រសាសន៍ដែរថា៖ «ក្នុងនាមខ្ញុំជាអគ្គលេខាសហព័ន្ធ សូមថ្លែងអំណរអរគុណដល់ឯកឧត្តម.ឧត្តមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ ដែលឯកឧត្តមតែងតែយកចិត្តទុកដាក់ ផ្ដល់ទាំងទីតាំងសម្រាប់សហព័ន្ធធ្វើជាការិយាល័យ និងកន្លែងហ្វឹកហាត់ នាពេលកន្លងមក។ ហើយនេះជាលើកទី២ ហើយ ដែលឯកឧត្តមបានផ្ដល់ឱ្យសហព័ន្ធនូវតាបពីដ៏ល្អ ក្នុងការបង្កើនការហ្វឹកហាត់របស់អត្តពលិក និង បណ្ដុះបណ្ដាលថ្នាលឱ្យបានច្រើនថែម។»

នៅពេលដែលក្រុមសារព័ត៌មានសួរថា តើកន្លងមកធ្លាប់មានសប្បុរសជនណាឧបត្តម្ភដល់សហព័ន្ធហាប់គីដូដែរឬទេ? លោកក៍បានឆ្លើយថា៖ «តាំងពីកកើតសហព័ន្ធកីឡាហាប់គីដូនៅកម្ពុជាមក មិនទាន់មានសប្បុរសជនណាជួយដល់សហព័ន្ធខ្មែរកីឡាហាប់គីដូនៅឡើយនោះទេ ទើបតែនៅអាណត្តិទី៦ នេះទេ ដែលហាប់គីដូមានការជ្រុំជ្រែងពីថ្នាក់ដឹកនាំ ជាពិសេសគឺឯកឧត្តម ជា ប៊ុនហេង នេះតែម្ដង។ ដូចយើងបានឃើញស្រាប់ហើយថា គាត់បានផ្ដល់ជាទីតាំងហ្វឹកហាត់លក្ខណៈស្ដង់ដាដូចសហព័ន្ធផ្សេងៗ ឯសម្ភារៈតាបពីមានតំលៃ ៣ទៅ៤ពាន់ដុល្លារ ឯណោះ គឺសហព័ន្ធមិនមានលទ្ធភាព និងស្វែងរកសប្បុរសជនណាដែលអាចឧបត្តម្ភបែបនេះបាននោះទេ គឺមានតែឯកឧត្តម ជា ប៊ុនហេង តែម្នាក់គត់ដែលតែងតែ គិតគូគៀងគងស្វែងរកការឧបត្តម្ភ និងលៈបង់ថវិការ ជួយដល់សហព័ន្ធ ដើម្បីឱ្យកីឡាមួយនេះ រីកចម្រើន និងអាចឈានចូលទៅក្នុងឆាកអន្តរជាតិ។»

គួបញ្ជាក់ផងដែរថា តាបពីកម្រិតស្ដងដាអន្តរជាតិមួយនេះ អង្គភាពកីឡានគរបាលជាតិ ក៏បានឧបត្តម្ភដល់សហព័ន្ធកីឡាល្បុក្កតោកម្ពុជា ផងដែរ ដោយសរុបជាទឹកប្រាក់ជិត ១ម៉ឺនដុល្លារអាមេរិក ក្រោមការជួយឧបត្តម្ភទាំងស្រុងពីសំណាក់សម្ដេចក្រសឡាហោម ស ខេង៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់