ក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកកម្ពុជា ដណ្តើមមេដាយពីឆាកអន្តរជាតិ

មាស សុផាណារ៉ុង January 10, 2020


 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាអស់ ៣៨៣,៩០០,០០០រៀល លើប្រាក់រង្វាន់លើកទឹកចិត្តដល់ កីឡាករ-កីឡាការិនីកម្ពុជា ដែលដណ្តើមមេដាយប្រាក់ និងសំរិទ្ធ នៃព្រឹត្តិការណ៍ការប្រកួតកម្រិតអន្តរជាតិ ចំនួន ៤ធំៗកាលពីឆ្នាំមុនសម្រាប់កីឡាការ៉ាតេ និងគុនដាវ ដែលទទួលបានមេដាយប្រាក់ ៤គ្រឿង និងមេដាយសំរិទ្ធ ១២គ្រឿង។

ក្នុងឱកាសប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ តំណាងឲ្យឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

សម្រាប់ការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យកីឡាគុនដាវអាស៊ី ឆ្នាំ២០១៩ នៅប្រទេសសឹង្ហបុរី កម្ពុជាដណ្តើមបានមេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង ហើយបានទទួលរង្វាន់ជាទឹកប្រាក់សរុបចំនួន ២០៨,០០០,០០០រៀល ចំពោះប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី ដណ្តើមបានមេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង សរុបទឹកប្រាក់ចំនួន ៩៣,០០០,០០០រៀល។

ចំពោះការប្រកួតការ៉ាតេជ្រើសរើសជើងឯកអាស៊ី លើកទី១៨ នៅប្រទេសម៉ាឡេស៊ីវិញ នោះកម្ពុជា ដណ្តើមបានមេដាយសំរិទ្ធ ១គ្រឿង សរុបទឹកប្រាក់រង្វាន់ចំនួន ២២,០០០,០០០រៀល និងការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៨ នៅប្រទេសថៃ ដណ្តើមបានមេដាយសំរិទ្ធ ៥គ្រឿង សរុបទឹកប្រាក់រង្វាន់ចំនួន ៦០,៩០០,០០០រៀល៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់