ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី៥ ឆ្នាំ២០២០ មានអត្តពលិកមកពី ៤៤ប្រទេសចូលរួម

មាស សុផាណារ៉ុង January 10, 2020


 

សៀមរាប៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ ខេត្តសៀមរាប លើកទី៥ ឆ្នាំ២០២០ ឬព្រឹត្តិការណ៍ «Angkor Ultra Trail 2020» លើកទី៥ ដែលជាព្រឹត្តិការណ៍កីឡាបែបទេសចរណ៍ រត់ផ្សងព្រេងចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ នៅតំបន់អង្គរ នឹងចាប់ផ្ដើមនៅថ្ងៃទី១៨-១៩ ខែមករា ខាងមុខនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី០៩ ខែមករា នេះថាព្រឹត្តិការណ៍នេះមានកីឡាករ-កីឡាការិនី ចូលរួមរត់ប្រមាណ ១,២០០ ទៅ ១,៣០០នាក់ ក្នុងនោះមានបរទេសជាង ៧០០នាក់ មកពី ៤៤ប្រទេសលើពិភពលោក។

លោកបានកត់សម្គាល់ឃើញថា នៅក្នុងការរត់ចម្ងាយឆ្នាំនេះ កីឡាករកម្ពុជាចូលរួមច្រើនជាងឆ្នាំមុនៗ ហើយមានកីឡាករខ្មែរ ៣នាក់ដែលចូលរួមរត់ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ នេះ ដែលនាំឲ្យចំនួនអ្នកចូលរួមកើនប្រមាណ ១០% គឺប្រមាណ ១,២០០នាក់ ទៅ ១,៣០០នាក់។

ព្រឹត្តិការណ៍រៀបចំឡើងក្រោមកិច្ចសហការរវាង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Phoenix Voyage នេះ ចាប់ផ្ដើមចេញដំណើររត់ពីមុខទីលានប្រជល់ដំរី នៅម៉ោង ៤ភ្លឺ ថ្ងៃទី១៨ ខែមករា សម្រាប់វិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៩ ខែមករា កីឡាករ-កីឡាការិនីម្នាក់ៗ អាចចំណាយពេលវេលាប្រមាណ ២៤ម៉ោង ដើម្បីរត់កាត់វាលស្រែ ផ្លូវលំ ផ្លូវព្រៃជុំវិញតំបន់អង្គរ ដោយគ្មានការឈប់សម្រាកឡើយ។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ចំពោះការរត់ចម្ងាយឆ្ងាយលើកទី៥ លើទឹកដីអង្គរ នេះ គឺមានកំណើនអ្នកចូលរួមច្រើនរហូតដល់ទៅជាង ១,៣០០នាក់ ពោលគឺច្រើនជាងកាលពីឆ្នាំ២០១៩ ដែលមានអ្នកចូលរួមត្រឹម ១,០០០នាក់ប៉ុណ្ណោះ។ ប៉ុន្ដែបន្ថែមលើការចូលរួមរត់អត្តពលិកម្នាក់ៗ ក៏មានគ្រួសារសាច់ញាតិ និងមិត្តភ័ក្រ្តអមដំណើរជាច្រើនរយនាក់ផងដែរ ដែលជួយជំរុញឲ្យមានកំណើនទេសចរណ៍ និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ផងដែរ។

ឯកឧត្តមបញ្ជាក់ថា៖ «ការរៀបចំព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះដែរ គឺផ្ដោតលើគោលបំណងសំខាន់ៗជាច្រើន គោលដៅទី១ គឺផ្សព្វផ្សាយឲ្យបណ្ដាប្រទេសលើពិភពលោក ពិសេសភ្ញៀវទេសចរជាង ៤៤ប្រទេសចូលរួម បានដឹងពីស្ថេរភាព សន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្សព្វផ្សាយ និងចូលរួមថែរក្សាគោលដៅទេសចរណ៍ប្រវត្ដិសាស្ដ្ររបស់កម្ពុជា គឺតំបន់អង្គរ ខេត្តសៀមរាប។ ទី២ គឺការរួមចំណែកស្វែងរកមូលនិធិសម្រាប់ជួយដល់ការងារមនុស្សធម៌តាមអង្គការ និងមន្ទីរពេទ្យមួយចំនួន និងទី៣ គឺការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនផងដែរ។»

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំ២០២០ គឺបែងចែកជា ៥វិញ្ញាសាសម្រាប់រត់ដូចឆ្នាំកន្លងទៅដែរ រួមមានវិញ្ញសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ, រត់ចម្ងាយ ៦៤គីឡូម៉ែត្រ, រត់ចម្ងាយ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ និងរត់ចម្ងាយ ១៦គីឡូម៉ែត្រ ដែលត្រូវចេញដំណើរជាបន្ដបន្ទាប់៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់