កីឡាករហែលទឹកវ័យក្មេងកម្ពុជា មួយរូប ចេញទៅហាត់នៅថៃ រយៈពេលមួយឆ្នាំ

មាស សុផាណារ៉ុង January 8, 2020


 

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនកីឡាករវ័យក្មេងមួយរូបទៅធ្វើការហ្វឹកហាត់ព្រមទាំងបណ្តុះបណ្តាលរយៈពេលមួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែមទៀត នៅខេត្តភូកេត ប្រទេសថៃ ក្រោមអាហារូបករណ៍ «FINA “FINA Scholarship»។

លោក ហែម គិរី អគ្គលេខាធិកានៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា៖ «សហព័ន្ធបានបញ្ជូនកីឡាករហែលទឹកវ័យក្មេង ផានសុវណ្ណណារុនម៉ុងត្រុស ដែលកីឡាករវ័យក្មេងរូបនេះទើបតែមានអាយុ១៥ឆ្នាំ តែប៉ុណ្ណោះឲ្យទៅហ្វឹកហាត់នៅប្រទេសថៃ ១ឆ្នាំពេញ ក្រោមអាហារូបករណ៍របស់សហព័ន្ធហែលទឹកអន្តរជាតិ។»

លោកបានបន្តទៀតថា៖ «ការបញ្ជូនឲ្យទៅហ្វឹកហាត់នេះក្នុងការបំណងចូលរួមការប្រកួតកីឡាហែលទឹកអន្តរជាតិនានា កីឡាករហែលទឹកវ័យក្មេង ផានសុវណ្ណណារុន ម៉ុងត្រុស គឺជាកីឡាករស្ថិតក្នុងក្រុមជម្រើជាតិរបស់សហព័ន្ធ ប្រសិនបើរូបគេទទួលបានហ្វឹកហាត់ល្អប្រសើរនោះ សហព័ន្ធនឹងបន្តឲ្យគេធ្វើការរហូតដល់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES ២០២៣។»

គួររំលឹកផងដែរថា កន្លែងដែល ផានសុវណ្ណណារុន ម៉ុងត្រុស ចេញទៅហ្វឹកហាត់នោះគឺជាកន្លែងដែល កីឡាករ-កីឡាការិនីហែលទឹកឆ្នើមរបស់កម្ពុជា គឺកីឡាករ ហែមថុន ពន្លឺ និងកីឡាការិនី ហែមថុន វិទីនី ធ្លាប់ទៅហាត់នៅទីនោះរយៈពេលមួយឆ្នាំផងដែរ។

លោកបានសង្គត់ធ្ងន់ទៀតថា ការបញ្ជូនទៅលើកនេះដោយបានសុំគោលការណ៍ពីលោកប្រធានសហព័ន្ធខ្មែរហែលទឹក បន្ទាប់ពីនេះសហព័ន្ធនឹងបន្តសុំគោលការណ៍រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជួបឧបត្ថម្ភដល់កីឡាករវ័យក្មេងរូបនេះថែមទៀត៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់