សរុបលទ្ធផលជារួម ៣ថ្ងៃនៃការប្រកួតប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា

មាស សុផាណារ៉ុង January 7, 2020


 

កែប៖ ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់តំបន់ឆ្នេរពិភពលោក ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ការប្រកួតជាផ្លូវការ ក្រោយចំណាយពេលប្រកួត ៣ថ្ងៃជាប់ៗគ្នា ស្មើនឹង ៣ដំណាក់កាល លើចម្ងាយផ្លូវសរុប ៤៧៤គីឡូម៉េត្រ ឆ្លងកាត់ខេត្តចំនួន ៣។

ដោយមាន ១៣ប្រទេសចូលរួមប្រកួតមកពីជុំវិញពិភពលោក ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់តំបន់ឆ្នេរពិភពលោកនេះ បានចេញដំណើរពីខេត្តកោះកុង កាត់ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប រួមមានដូចជា៖

ដំណាក់កាលទី១៖ ថ្ងៃទី០៤-មករា ក្បួនប្រណាំងចេញដំណើរពីរមណីយដ្ឋានតារាសាគរ និងបញ្ចប់នៅទីរួមខេត្តកោះកុង លើចម្ងាយសរុបប្រមាណ ១៥៣.៥ គីឡូម៉ែត្រ។

ដំណាក់កាលទី២៖ ថ្ងៃទី០៥-មករា ក្បួនប្រណាំងចេញពីរង្វង់មូលលោកតាសាយភូថង និងបញ្ចប់នៅរមណីយដ្ឋានឋានសួគ៌សុខាបូកគោ (កំពូលភ្នំ) លើចម្ងាយសរុបប្រមាណ ១៧២.៨ គីឡូម៉ែត្រ។

ដំណាក់កាលទី៣៖ ថ្ងៃទី០៦-មករា ក្បួនប្រណាំងចេញដំណើរពីក្លោងទ្វារជើងភ្នំបូកគោ និងបញ្ចប់នៅមុខសាលាខេត្តកែប ដែលមានចម្ងាយប្រមាណ ១៤៧.៧គីឡូម៉ែត្រ។

សម្រាប់លទ្ធផលជារួម ក្នុងការប្រកួតរយៈពេល៣ថ្ងៃ រួមមាន៖

  • ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករឡាវ Phounsavath Ariya មកពីក្លឹប Laos Cycling Team
  • ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករម៉ាឡេស៊ី Hohd Zariff Muhmad Nur Aiman មកពីក្លឹប Team Sapura Cycling
  • ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករហុងកុង Fung Ka Hoo មកពីក្លឹប HKSI Pro Cycling Team

រីឯលទ្ធផលប្រកួតដំណាក់កាលទី៣ ដែលចេញដំណើរពីក្លោងទ្វារចូលភ្នំបូកគោ ដល់មុខសាលាខេត្តកែប និងជិះជុំវិញក្រុងកែប៥ជុំ រួមមាន៖

  • ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករហ្វីលីពីន Quita Ronnilan មកពីក្លឹប Go For Gold Philippines
  • ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករហុងកុង Lau Wan Yan Vincent មកពីក្លឹប HKSI Pro Cycling Team
  • ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករម៉ាឡេស៊ី Zakaria Akmai Hakim មកពីក្លឹប Team Sapura Cycling

ដោយឡែកចំណាត់ថ្នាក់កីឡាករធ្វើបានល្អជាងគេ ក្នុងរយៈពេល៣ថ្ងៃ រួមមាន៖

  • កីឡាករក្មេងល្អជាងគេ បានទៅកីឡាករម៉ាឡេស៊ី Rosli Muhammad Nurfitri Ammar ទទួលបានជយលាភីអាវពណ៌ស
  • កីឡាករប្រណាំងជែងល្អជាងគេ បានទៅកីឡាករម៉ាឡេស៊ី Mohd Zariff Muhamad Nur Aiman ទទួលបានជយលាភីអាវពណ៌បៃតង
  • កីឡាករប្រណាំងឡើងភ្នំល្អជាងគេ បានទៅកីឡាករហុងកុង Choy Hiu Fung ទទួលបានជយលាភីអាវក្រហម
  • កីឡាករធ្វើបានល្អជាងគេ ទាំងជែង និងឡើងភ្នំ បានទៅកីឡាករហុងកុង Phounsavath Ariya ទទួលបានជយលាភីអាវពណ៌លឿង

 

មតិយោបល់