ឯកឧត្តម ហង់ជួន ណារ៉ុន ជំរុញឲ្យសហព័ន្ធបង្កើតក្លឹបកីឡាតេក្វាន់ដូ WT តាមសាលារដ្ឋនៅទូទាំងប្រទេស

មាស សុផាណារ៉ុង January 6, 2020


 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ខេមរសហព័ន្ធតេក្វាន់ដូបានធ្វើសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហង់ជួន ណារ៉ុន ជាប្រធានសហព័ន្ធ និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

មហាសន្និបាតនេះធ្វើឡើងដើម្បីបានពីនិត្យលើរបាយការណ៍ការងារប្រចាំឆ្នាំ ពិនិត្យលើរបាយការហិរញ្ញវត្ថុប្រចាំឆ្នាំ ពិសេសពិភាក្សាលម្អិតលើរបាយការណ៍ហិរញ្ញវត្ថុរបស់សហព័ន្ធប្រចាំឆ្នាំ ដើម្បីធ្វើការពង្រីកពង្រឹងសមត្ថភាពបន្ថែមទៀតសម្រាប់ត្រៀមខ្លួនការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ឆ្នាំ២០២៣ លើកទី៣២។

ខេមរសហព័ន្ធតេក្វាន់ដូ មានក្លិបចំណុះចំនួន៥០ មានកីឡាករខ្សែក្រវាត់ខ្មៅដាន់ ចំនួន ១៥៤នាក់ ដែលក្នុងនោះខ្មៅ ១ដាន់ចំនួន ១២៨នាក់ ២ដានចំនួន ១៩នាក់ ៣ដាន់ ៦នាក់ និង ៤ដាន់ ១នាក់។

ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា សហព័ន្ធត្រូវរៀបចំឯកភាពបង្កើតមូលនិធិតេក្វាន់ដូ WT ដើម្បីប្រមូលថវិកាសម្រាប់ទ្រទ្រង់សហព័ន្ធឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ចំពោះគ្រូបង្វឹក កីឡាករ-កីឡាការិនី និងអាជ្ញាកណ្តាលមួយចំនួនខ្សោយខាងផ្នែកភាសា និងកុំព្យូទ័រ លោកនឹងស្មើសុំអាហារូបករណ៍តាមសាលាឯកជន។ លោកប្រធានបន្តថា ចាប់ផ្តើមឆ្នាំ២០២០ នេះតទៅលោកនឹងប្តេជ្ញាបង្កើតក្លឹបនៅតាមសាលារដ្ឋទូទាំងប្រទេស ដូច្នេះសហព័ន្ធត្រូវរៀបចំបញ្ជូនគ្រូបង្វឹកឲ្យហ្វឹកហាត់តាមសាលាដែលលោកនឹងធ្វើការស្នើសុំ ចំណែកឯកសាលាឯកជនកលោកព្យាយាមទំនាក់ទំនងឲ្យបង្កើតក្លឹបកីឡាតេក្វាន់ដូ WT ផងដែរ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់