គណៈកម្មការបច្ចេកទេសប្រណាំងកង់ឣន្តរជាតិ សសើរការរៀបចំថ្ងៃទី១ របស់កម្ពុជា ក្នុងការរៀបចំការប្រកួតកម្រិតពិភពលោក

មាស សុផាណារ៉ុង January 5, 2020


 

កោះកុង៖ គណៈកម្មការបច្ចេកទេសប្រណាំងកង់ឣន្តរជាតិ ( Union Cycliste Internationale – UCI ) បានធ្វើការកោតសរសើរកម្ពុជា ក្នុងការរៀបចំការប្រកួតកម្រិតពិភពលោកនេះ នៅដំណាក់កាលទី១ បើទោះបីមានចំណុចខ្វះខាតបន្ដិចបន្ដួចពាក់ព័ន្ធនឹងការជិះរបស់កីឡាករ និងក្បួនរថយន្ដអមក្ដី ដោយសារនេះជាការរៀបចំលើកដំបូង។

សម្រាប់ដំណាក់កាលទី២ បាននឹងកំពុងបន្តដំណើរការប្រកួតរបស់ខ្លួន ហើយដោយចាប់ផ្ដើមពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង កាត់តាមស្រុកស្រែអំបិល ខេត្តព្រះសីហនុ ឆ្ពោះទៅកំពូលភ្នំបូកគោ ខេត្តកំពត ដោយមានរយៈចម្ងាយ ១៧២,៨គីឡូម៉ែត្រ ។

ឯកឧត្តម វ៉ាត់ ចំរើន ឣគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ( NOCC ) បានឲ្យដឹងថា មន្ដ្រីបច្ចេកទេស UCI បានវាយតម្លៃការប្រកួតដំណាក់កាលទី១ បានបញ្ចប់ដោយជោគជ័យ ព្រោះមានការចូលរួមសហការបានល្អពីប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ពិសេសមានការយកចិត្តទុកដាក់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ជាដើម។

លោកបន្តថា មុនចាប់ផ្ដើមបាញកាំភ្លើងចេញដំណើរ ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច ក្រុមកីឡាករជាតិ-អន្តរជាតិ ក្រុមការងាររៀបចំព្រឹត្តិការណ៍ទាំងអស់គ្នា បានស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធ អ្នកដែលបានជួបឧប្បទ្ទវហេតុគ្រោះថ្នាក់បាក់រលំអគារ នៅខេត្តកែប រយៈពេល១នាទីផងដែរ។

នៅពេលទៅដល់កំពូលភ្នំបូកគោ ក្រុមកីឡាករ និងក្រុមការងាររៀបចំព្រឹត្តិការណ៍នឹងសម្រាកនៅទីនោះមួយយប់ មុនបន្តប្រកួតនៅថ្ងៃទី៣ ដែលនឹងចាប់ផ្ដើមចេញដំណើរពីក្លោងទ្វារចូលឧទ្យានជាតិព្រះមុនីវង្ស បូកគោ ឆ្ពោះទៅខេត្តកែប ដែលជាទីបញ្ចប់នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ តាមបណ្ដោយឆ្នេរសមុទ្រកម្ពុជា រយៈពេល៣ថ្ងៃនេះ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់