កីឡាករឡាវ ឈ្នះការប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា ដំណាក់កាលទី១

មាស សុផាណារ៉ុង January 5, 2020


 

កោះកុង៖ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ បានចាប់ផ្ដើមក្បួនប្រណាំងដំណាក់កាលទី១ ហើយ កាលពីរសៀលថ្ងៃមិញនេះ ដោយចេញដំណើរពីរមណីយដ្ឋានតារាសាគរ។ ខណ:ដែលលទ្ធផលកម្ពុជាមិនទាន់មានចំណាក់ថ្នាក់នៅឡើយទេ។

លទ្ធផលប្រណាំងដំណាក់កាលទី១ ដែលប្រណាំងលើចម្ងាយផ្លូវ ១៤៥.៥គីឡូម៉ែត្រ រួមមាន៖

  • ចំណាត់ថ្នាក់លេខ១៖ កីឡាករ Phounsavath Ariya មកពីក្លឹបឡាវ Laos Cycling Team ប្រើថិរវេលា ៣ម៉ោង ៥៤ និង ៣៨វិនាទី
  • ចំណាត់ថ្នាក់លេខ២៖ កីឡាករ Mohd Zariff មកពីក្លឹបម៉ាឡេស៊ី Team Sapura Cycling ប្រើថិរវេលា ៣ម៉ោង ៥៦នាទី និង ៥៩វិនាទី
  • ចំណាត់ថ្នាក់លេខ៣៖ កីឡាករ Fung Ka Hoo មកពីក្លឹបហុងកុង HKSI Pro Cycling Team ប្រើថិរវេលា ៣ម៉ោង ៥៦នាទី និង ៥៩វិនាទីដូចគ្នា

ដោយឡែកក្រៅពីលទ្ធផលប្រណាំងជារួម គណៈកម្មការរៀបចំ ក៏បានផ្ដល់នូវចំណាត់ថ្នាក់ល្អលក្ខណៈឯកជនផងដែរ ក្នុងនោះជ័យលាភីអាវពណ៌ស (កីឡាករក្មេងល្អជាងគេ) បានទៅកីឡាករឡាវ, ជ័យលាភីអាវពណ៌ក្រហម (កីឡាករប្រើល្បឿនឡើងភ្នំល្អ) បានទៅកីឡាករឡាវ, ជ័យលាភីអាវពណ៌បៃតង (កីឡាករប្រើល្បឿនជែងល្អជាងគេ) បានទៅកីឡាករម៉ាឡេស៊ី និងចុងក្រោយជ័យលាភីអាវពណ៌លឿង (កីឡាករប្រើល្បឿនឡើងភ្នំ និងជែងល្អជាងគេ) បានទៅកីឡាករ Phounsavath Ariya មកពីឡាវ។

ដោយឡែកនៅវេលាម៉ោង ១១ព្រឹក ក៏នឹងបន្តការប្រកួតដំណាក់កាលទី២ ពោលគឺក្បួនប្រណាំងនឹងចេញពីរង្វង់មូលលោកតាសាយភូថង និងបញ្ចប់នៅរមណីយដ្ឋានឋានសួគ៌សុខាបូកគោ (កំពូលភ្នំ) លើចម្ងាយសរុបប្រមាណ ១៧២.៨ គីឡូម៉ែត្រ។

ជាមួយគ្នានេះដែរឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៏ និងជាប្រធានគណ:កម្មាធិកាជាតិឣូឡាំពិកកម្ពុជា ក៏បានថ្លែងអំណរគុណ ចំពោះក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក និងសហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីសក្ដានុពលតំបន់ទេសចរណ៍កម្ពុជា និងរួមចំណែកលើកស្ទួយវិស័យកីឡាជិះកង់កម្ពុជាឲ្យរីកចម្រើន ដើម្បីត្រៀមខ្លួនឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ៕

 

អត្ថបទ៖ ប៉ាវឡុងជីង

មតិយោបល់