ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់ពិភពលោកតំបន់ឆ្នេរ ចាប់ផ្ដើមថ្ងៃត្រង់នេះ នៅបុទុមសាគរ

មាស សុផាណារ៉ុង January 4, 2020


 

កោះកុង៖ ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់តំបន់ឆ្នេរពិភពលោក ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះនោះ នឹងចាប់ផ្ដើមប្រកួតនាវេលាម៉ោង ១២ថ្ងៃត្រង់នេះហើយ នៅស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង ដោយមាន ១៣ប្រទេសចូលរួមប្រកួតមកពីជុំវិញពិភពលោក ខណៈដែលចេញដំណើរពីខេត្តកោះកុង កាត់ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០។

បើតាមឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីប្រកួតនៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ នេះ រួមមាន៖

ដំណាក់កាលទី១៖ ថ្ងៃទី០៤-មករា ក្បួនប្រណាំងចេញដំណើរពីរមណីយដ្ឋានតារាសាគរ និងបញ្ចប់នៅទីរួមខេត្តកោះកុង លើចម្ងាយសរុបប្រមាណ ១៥៣.៥ គីឡូម៉ែត្រ។

ដំណាក់កាលទី២៖ ថ្ងៃទី០៥-មករា ក្បួនប្រណាំងចេញពីរង្វង់មូលលោកតាសាយភូថង និងបញ្ចប់នៅរមណីយដ្ឋានឋានសួគ៌សុខាបូកគោ (កំពូលភ្នំ) លើចម្ងាយសរុបប្រមាណ ១៧២.៨ គីឡូម៉ែត្រ។

ដំណាក់កាលទី៣៖ ថ្ងៃទី០៦-មករា ក្បួនប្រណាំងចេញដំណើរពីក្លោងទ្វារជើងភ្នំបូកគោ និងបញ្ចប់នៅមុខសាលាខេត្តកែប ដែលមានចម្ងាយប្រមាណ ១៤៧.៧គីឡូម៉ែត្រ។

លោកបន្ដថា៖ «កំណាត់ផ្លូវត្រូវប្រណាំង មិនអនុញ្ញាតឲ្យយានយន្ដធ្វើចលនាទេ សូម្បីគាត់នៅលើផ្លូវហើយក៏ដោយ ក៏ឲ្យគាត់អែបខាង ហើយពន្លត់ម៉ាស៊ីនឈប់ដែរ។ មួយវិញទៀត អ្នកចេញឡាន ឬម៉ូតូ ពិសេសក្មេងតូចៗត្រូវមានការក្រើនរំឭក និងអំពាវនាវឲ្យប្រជាពលរដ្ឋមានការយល់ដឹង ហើយប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ពេលចេញមកអបអរក្បួន ដើម្បីចៀសវាងឧបទេវហេតុផ្សេងៗ ព្រោះប្រណាំងកង់នេះលឿនណាស់ ល្បឿន ៤០គីឡូម៉ែត្រក្នុង ១ម៉ោងឯណោះ»៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់