ការជួសជុលអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក នៅសល់តែការបំពាក់កៅអី និងប្ដូរផ្ទាំង L.E.D

មាស សុផាណារ៉ុង December 31, 2019


 

ភ្នំពេញ៖ អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក អាចនឹងបញ្ចប់ការជួសជុលទាំងស្រុង នៅក្នុងអំឡុងខែមករា ឆ្នាំ២០២០ ខាងមុខនេះ នេះបើតាមការបញ្ជាក់ឲ្យដឹងដោយ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក។

លោក ហែម គីរី បានឲ្យដឹងថា តួអាងទាំងមូលបានបញ្ចប់ការជួសជុលទាំងស្រុងហើយ ខណៈអ្វីដែលនៅសល់នោះគឺការបំពាក់កៅអីសម្រាប់ទស្សនិកជនអង្គុយទស្សនា និងប្ដូរ L.E.D ( តារាងថិរវេលា និង ឈ្មោះកីឡាករ កីឡាការិនីដែលប្រកួត ) ប៉ុណ្ណោះ។

«អាងនេះជួសជុលឡើងវិញដោយក្រុមហ៊ុនចិន ម្លោះហើយសម្ភារៈទាំងអស់នេះត្រូវយកមកពីប្រទេសចិន ហើយសម្ភារៈទាំងនេះត្រូវតែមានគុណភាព និងស្ដង់ដារអន្តរជាតិ ព្រោះអាងនេះគឺជាកន្លែងសម្រាប់ប្រកួតជាលក្ខណៈអន្តរជាតិ។» លោកបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា អាងហែលទឹកនេះសាងសង់ឡើងទាំងទសវត្ស ឆ្នាំ១៩៦០ មកម្ល៉េះ ហើយត្រូវបានពង្រីកបន្ថែមទាំងអាងសម្រាប់ហែលប្រកួត ទាំងអាងសម្រាប់លោត សូម្បីតែឈ្នាន់សម្រាប់លោត ក៏ត្រូវធ្វើជាថ្មីឡើងវិញដែរ ដោយសរុបទឹកប្រាក់ក្នុងការជួសជុលគឺចំណាយអស់ជាង ២លានដុល្លារ បានមកពីការស្វះស្វែងរករបស់ប្រធានសហព័ន្ធឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

លោក ហែម គីរី បន្តថាបន្ទាប់ពីបញ្ចប់ការជួសជុលទីនេះនឹងមានកន្លែងស្នាក់នៅសម្រាប់កីឡាករ កីឡាការិនី មានអាហារដ្ឋាន ព្រមទាំងការិយាល័យសម្រាប់ធ្វើការទៀតផង៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់