គ្រូបង្វឹកចំបាប់កម្រិតបឋម ២១នាក់ ទទួលបានចេះដឹងជាង៩០% ក្រោយសិក្សាវគ្គបច្ចេកទេសអស់៥ថ្ងៃ

មាស សុផាណារ៉ុង December 30, 2019


 

កណ្តាល៖ នេះជាលើកទី១ហើយ ដែលសហព័ន្ធកីឡាចំបាប់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតបឋមនេះឡើង ដោយបានការឧបត្តម្ភទាំងស្រុងពីក្រសួងអប់រំយុវជន និង កីឡា ដោយមានរយៈពេល៥ថ្ងៃដោយចាប់ពីថ្ងៃទី ទី២៦ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដែមានសិក្ខាមចូលរួមចំនួន២១នាក់ មកពីខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តពោសាធិសាត់ និងខេត្តកំពង់ចាម។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានឱ្យដឹងនាព្រឹកមិញនេះថា ដោយបានថ្លែងការកោតសរសើរដល់គ្រូបង្វឹកដូច្នេះថា៖ «ខ្ញុំមានក្ដីរំភើបក្រៃលែងដោយបាន មកជួបសិក្ខាកាមទាំងអស់នាពេលនេះ បើទោះបីគ្រូមួយចំនួនបានមកពីខេត្ដ ឆ្ងាយៗក៏ពួកគាត់តស៊ូត្រងត្រាបនិង ឈ្វេងយល់រាល់ការពន្យលទ្រឹស្ដីនិងការ អនុវត្ដលើទីលាន។»

វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតបឋមថ្នាក់ជាតិនេះ សហព័ន្ធរៀបចំឡើងដើម្បីផ្ដល់ចំណេះដឹងពីរបៀបរបបនៃការហ្វឹកហាត់របស់កីឡាចំបាប់ទៅតាមស្ដងដា ដោយមានលោក ចាប លឿន និង លោក ឌន សៅ ដែលជាគ្រូជម្រើសជាតិថ្នាល និងជាអតីតកីឡាករជើងចាស់ មកធ្វើការបង្ហាត់បង្ហាញ នូវបច្ចេកទេស និងបង្រៀន ពួកគាត់ឱ្យយល់ពីច្បាប់ល្បែង ក្រិតក្រម កាន់តែច្បាស់កុំអោយមានបញ្ហាអំឡុងពេលប្រកួត។

តាមការវាយតម្លៃរបស់លោករយៈពេលជាង៥ថ្ងៃកន្លងទៅនេះ សិក្ខាកាមទាំង២១នាក់ មានការកើនរីកចម្រើនបច្ចេកទេសរហូតទៅដល់៩០% ទាំងទ្រឹស្ដី និង ការអនុវត្តផ្ទាល់ ព្រោះពួកគាត់ ភាគច្រើនសុទ្ធសឹងជាអតីតកីឡាករចំបាប់បុរាណ ដោយយើងគ្រាន់តែបង្រៀបពួកគាត់បន្ថែមនូវអ្វីដែលខ្វះខាត នឹងបំពេញបន្ថែមលើការយល់ដឹងពីរបៀបរបបហ្វឹកហាត់បច្ចេកទេស អោយមានលក្ខណៈសម័យខ្លះ ដោយយើងនៅរក្សាទម្រង់បុរាណដ៍ដែរ។

វគ្គសិក្សានេះ បានបញ្ចប់កាលពីព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ទី សុវណ្ណា អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា នៅសាលាបឋមសិក្សាវិហាសួគ៍ ឃុំវិហាសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជាមួយនឹងការរីកចម្រើនកម្រិតបច្ចេកទេសរបស់គ្រូបង្វឹកបឋមថ្នាក់ជាតិក្នុងឆ្នាំ២០១៩នេះ សហព័ន្ធក៍ទទួលបានសមិទ្ធផលល្អៗ២បន្ថែមផងដែរ គឺ ឈ្នះមេដាយក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ Southeast Wrestling and Grappling Championships Philippines ចំនួន១៦គ្រឿង ដោយក្នុងនោះទទួលបានមាស៣គ្រឿង និង ប្រាក់៤គ្រឿង និង សំរិទ្ធ ៩គ្រឿង កាលពីអំឡុង ខែវិច្ឆិការកន្លងទៅ។ ខណៈដែលរាល់កាលចំណាយទាំងអស់គឺទទួលបានការឧបត្តម្ភលោក Casey Barnett ជានាយកគ្រប់គ្រង CamEd Bussinis Business School និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។ និង មួយទៀតគឺ ការឈ្នះមេដាយសំរិទ្ធ ចំនួន៥គ្រឿងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់