គណៈកម្មការផ្សព្វផ្សាយ CAMSOC បើកកិច្ចប្រជុំបូកសរុបការងារ ក្រោយបំពេញទស្សនកិច្ចកម្មសិក្សាស៊ីហ្គេម នៅហ្វីលីពីន

មាស សុផាណារ៉ុង December 28, 2019


 

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ភារៈកិច្ចការងារនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ នៅប្រទេសហ្វីលីពីន រួចមក គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( CAMSOC ) បានកោះហៅក្រុមការងាររបស់ខ្លួនប្រជុំបូកសរុបការងារ និងដាក់ផែនការឆ្ពោះទៅកាន់ឆ្នាំ២០២៣។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានផ្នែកផ្សព្វផ្សាយរបស់ CAMSOC បានមានប្រសាសន៍ថា៖ «នៅក្នុងដំណើរបំពេញទស្សនកិច្ចកម្មសិក្សានៅក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កន្លងទៅថ្មីៗនេះ យើងបានដឹកនាំគណៈសមាជិករបស់ខ្លួនទៅពិនិត្យមើលស្វែងយល់ដោយផ្ទាល់នៅ មជ្ឈមណ្ឌលផ្សព្វផ្សាយ (IBC) ពីរបៀបរបបនៃការរៀបចំមជ្ឈមណ្ឌល របស់ម្ចាស់ផ្ទះហ្វីលីពីន។ មានចំណុចជាច្រើន ដែលម្ចាស់ផ្ទះហ្វីលីពីនធ្វើបានល្អលើមជ្ឈមណ្ឌលផ្សព្វផ្សាយ ហើយយើងបានច្របាច់បញ្ជូលគ្នារវាងម្ចាស់ផ្ទះស៊ីហ្គេមផ្សេងៗទៀតកន្លងទៅ ដើម្បីបង្កើតជាច្បាប់ថ្មីមួយរបស់យើង ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជា។»

ឯកឧត្តមបន្តថា៖ «អ្វីដែលជាចំណុចមិនល្អ យើងនឹងកែសម្រួលឲ្យបានល្អ ដែលនេះជារឿងសំខាន់បំផុត។ អ្វីមួយដែលយើងមើលឃើញរបស់គណៈកម្មការផ្សព្វផ្សាយ និងពត៌មាន របស់ស៊ីហ្គេម គឺភាគច្រើនផ្តោតលើការសម្របសម្រួលនូវកិច្ចការជាច្រើន ដែលការសម្របសម្រួល សម្រាប់សារពត៌មានមិនសូវបានល្អទេ នេះខ្ញុំមិននិយាយអំពីបច្ចេកវិទ្យាទេ គឺចង់សំដៅទៅលើការសម្របសម្រួល បើនិយាយឲ្យស្រួលស្តាប់គឺការទទួលបដិសណ្ឋារកិច្ចឲ្យបានល្អប្រសើរ ដោយកម្ពុជាយើងនឹងរៀបចំការិយាល័យមួយសម្រាប់ជួយសម្របសម្រួលជាមួយអ្នកសារពត៌មានជាតិ និងអន្តរជាតិ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។»

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) លើកទី៣២ ឆ្នាំ២០២៣ ហៅជាភាសាអង់គ្លេសថា ( CAMSOC ) ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន CAMSOC មានគណៈកម្មការជំនាញចំនួន១៣ និងលេខាធិការដ្ឋាន ក្នុងនោះគណៈកម្មការផ្សព្វផ្សាយ និងពត៌មាន ដែលមានតួនាទីភារកិច្ច ក្នុងការរៀបចំផែនការផ្សព្វផ្សាយនិងរៀបចំប្រព័ន្ធព័ត៌មានឲ្យបានទូលំទូលាយ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់