ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២០ ត្រៀមដាក់បញ្ចូល ៣០ប្រភេទកីឡាឲ្យប្រកួត

មាស សុផាណារ៉ុង December 27, 2019


 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំកិច្ចប្រជុំរបាយការណ៍ វឌ្ឍនភាពការងារប្រចាំរបស់សហព័ន្ធកីឡាជាតិ និងការត្រៀមលក្ខណៈការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជាតិ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា សហព័ន្ធកីឡាជាតិទាំង៣០ ត្រូវត្រៀមខ្លួនសម្រាប់ចូលរួមការប្រកួតកីឡាជាតិ «2020 National Games» លើកទី៣ ឆ្នាំ២០២០។

ការប្រកួតកីឡាជាតិ លើកទី២ មានរហូតដល់ ២៧ប្រភេទកីឡា ដូច្នេះក្រុមគណៈកម្មការត្រូវជ្រើសរើសយកទីលានចំនួន៤ រាជធានី-ខេត្ត ដើម្បីរៀបចំធ្វើ គឺរាជធានីភ្នំពេញ, ខេត្តកែប, កំពត និងខេត្តកំពង់ធំ។

កីឡាទាំង ២៧ប្រភេទត្រូវដាក់ប្រកួតកាលពីឆ្នាំ២០១៨ រួមមានកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ W.T.F របស់កូរ៉េខាងត្បូង, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សាកល, ហ្សូរិនជីកាំប៉ូ, តេក្វាន់ដូ I.T.F របស់កូរ៉េខាងជើង, ការ៉ាតេដូ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, សូហ្វតិន្នីស, បេស្បល, ប្រណាំងកង់, សីដក់, កីឡាបាញ់កាំភ្លើង និងវ៉ូវីណាម ហើយឆ្នាំនេះក្រសួងសម្រេចបន្ថែម ៣ប្រភេទកីឡាទៀត គឺម៉ូតូទឹក, អុក និងកីឡាជិះសេះ។

ឯកឧត្តមបានបន្តទៀតថា កាលពីឆ្នាំ២០១៨ ក្នុងរយៈពេល ១២ថ្ងៃនៃការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំ ២ឆ្នាំម្ដងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមថវិការដ្ឋចំនួន ៦,០០០លានរៀល កើនឡើងទ្វេដងបើធៀបទៅនឹងការរៀបចំលើកទី១ កាលពីឆ្នាំ២០១៦ ដើម្បីចំណាយលើការរៀបចំផ្សេងៗ ដោយសារប្រភេទកីឡាត្រូវបានបង្កើនឡើងពី ១៥ប្រភេទទៅ ២៧ប្រភេទ ស្មើនឹង ២៧២វិញ្ញាសា ខណៈប្រតិភូ គ្រូ និងអត្តពលិក គឺបានកើនឡើងពីជិត ២,០០០នាក់ ដល់ប្រមាណ ៥,០០០នាក់ឯណោះ តែមិនបូកការចំណាយលើការរៀបចំពិធីបើក និងពិធីបិទ ដែលរ៉ាប់រងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឡើយ៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់