ការប្រកួតសីដក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ២០១៩ បញ្ចប់ដោយជោគជ័យ

មាស សុផាណារ៉ុង December 26, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ២០១៩ ដែលបានប្រព្រឹត្តិចាប់ផ្តើមថ្ងៃទី២៣ នៅវិមានពហុកីឡដ្ឋាន រាជធានីភ្នំពេញ ដោយមានក្លិបចំនួន ១០ចូលរួមនៅទូទាំងប្រទេសកម្ពុជា បញ្ចប់ទៅដោយជោគជ័យនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ។

ក្នុងឱកាសប្រគល់ជយលាភី និងប្រាក់រង្វាន់ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់កម្ពុជា។

ក្លិបកីឡាសីដក់ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ២គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ខណៈក្លិបកីឡាសីដក់មជ្ឈមណ្ឌលខ.ភ.ម ឈ្នះមេដាយមាស ១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង រីឯក្លិបកីឡាសីដក់ក្រសួងការពារជាតិ ដណ្តើមមេដាយប្រាក់ ២គ្រឿង និងក្លិបកីឡាសីដក់បានលុងដណ្តើមមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។

សម្រាប់ក្លិបទាំង ១០រួមមានក្លិបកីឡាសីដក់ក្រសួងមហាផ្ទៃ, ក្លិបកីឡាសីដក់ក្រសួងការពារជាតិ, ក្លិបកីឡាសីដក់មជ្ឈមណ្ឌលខ.ភ.ម, ក្លិបកីឡាសីដក់វិទ្យាល័យព្រែកស្លែង, ក្លិបកីឡាសីដក់មន្ទីរអប់រំខេត្តកណ្តាល, ក្លិបកីឡាសីដក់យុវខេមរា, ក្លិបកីឡាសីដក់អូឡាំពិក, ក្លិបកីឡាសីដក់បានលុង, ក្លិបកីឡាសីដក់ដេអិន និងក្លិបកីឡាសីដក់អង្គការមិត្តសម្លាញ់។ ដែលមានកីឡាករ-កីឡាការិនីចំនួន ១០៣នាក់ក្នុងនោះកីឡាការិនី ២៩នាក់។

សហព័ន្ធបានដាក់ ៣វិញ្ញាសាចូលរួមគឺ វិញ្ញាសាបុរស៣នាក់ទល់៣នាក់ “កម្រិតក១” មានចំនួន ៥ក្រុម, វិញ្ញាសាបុរស៣នាក់ទល់៣នាក់ “កម្រិតក២” មានចំនួន ១០ក្រុម និងវិញ្ញាសានារី៣នាក់ទល់៣នាក់ មានចំនួន៦ក្រុម៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់