ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ដណ្ដើមមេដាយច្រើនជាងគេ

មាស សុផាណារ៉ុង December 25, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ «ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៣» ឆ្នាំ២០១៩ ដែលបានចាប់ផ្តើមចាប់ពីថ្ងៃទី១៩ បានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ នៅសាលដំបូលទូករបស់សហព័ន្ធ។

ក្នុងឱកាលពិធីបិទការប្រកួត ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក បានអញ្ជើញចូលរួមបំពាក់មេដាយដល់ជ័យលាភី ដោយក្លឹបកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក បន្ទាប់ពីដណ្តើមបានមេដាយមាស ៤គ្រឿង និងមេដាយប្រាក់ ៥គ្រឿង ចំពោះក្លឹបកីឡាកាយសម្ព័ន្ធខេត្តក្រចេះ ដែលបានជើងឯករង ដណ្តើមមេដាយមាស ៤គ្រឿង មេដាយប្រាក់ ៤គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង ក្លឹបកីឡាកាយសម្ព័ន្ធខេត្តកំពង់ឆ្នាំង ដណ្តើមមេដាយមាស ៣គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ ៧គ្រឿង និងក្លឹបកីឡាកាយសម្ព័ន្ធខេត្តតាកែវ ដណ្តើមមេដាយមាស ២គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថាយោងតាមផែនការមេ និងកម្មវិធីប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៣ ឆ្នាំ២០១៩ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍ប្រភេទកីឡាកាយសម្ព័ន្ធ នូវហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ចៅក្រម កីឡាករ-កីឡាការិនី ឲ្យទទួលបានលទ្ធផលល្អ គុណភាពល្អ គុណផលខ្ពស់ ជាក់ស្តែងដូចជាព្រឹត្តិការណ៍ប្រកួតកីឡាកាយសម្ព័ន្ធនាពេលនេះ មានក្លឹបកីឡាកាយសម្ព័ន្ធចំនួន៩ មកពី៤ រាជធានី-ខេត្ត បានមកដល់រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយមានកីឡាករ-កីឡាការិនីចំនួន៦៤នាក់ ប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងចៅក្រម៤២នាក់ រួមជាមួយមន្ត្រីស្ម័គ្រចិត្តចំនួន ១៤នាក់ផងដែរ។

លោកបានបន្តថា៖ «ផ្អែកតាមការប្រកួតជើងឯករយៈពេល ៦ថ្ងៃកន្លងមក យើងសង្កេតឃើញថាកីឡាករ-កីឡាការិនី មានការខិតខំប្រកួតប្រជែងគ្នា ប្រកបដោយក្រមសីលធម៌ គោលការណ៍ Fair Play បញ្ចប់ដោយរលូន និងជោគជ័យ។ បើយើងធ្វើការប្រៀបធៀបជាមួយឆ្នាំមុនៗ មានការកើនឡើងផ្នែកគុណផលបច្ចេកទេសល្អជាងឆ្នាំមុនៗ ជាពិសេសក្នុងឆ្នាំនេះសហព័ន្ធសមីបានសហការណ៍ជាមួយអង្គភាពពាក់ព័ន្ធដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបានទម្លាក់កញ្ចប់ថវិកា ដើម្បីឱ្យសហព័ន្ធរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងធ្វើការអភិវឌ្ឍន៍កីឡាជំនាញឆ្ពោះទៅឆ្នាំ២០២៣ ដោយសមីសហព័ន្ធ។»

សូមបញ្ជាក់ថា កីឡាកាយសម្ព័ន្ធ មាន ២ប្រភេទ គឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក ( Gymnastic Aerobic ) និងកាយសម្ព័ន្ធអារទីស្ទីក ( Gymnastic Artistic ) សម្រាប់ការប្រកួតឆ្នាំនេះកីឡាកាយសម្ព័ន្ធអារទីស្ទីក មាន ៨វិញ្ញាសា និងកាយសម្ព័ន្ធអាអេរ៉ូប៊ិកមាន ៥វិញ្ញាសា៕

 

រូបភាព៖ Cambodia SEA GAMES 2023 | Yim Sovathana

អត្ថបទ៖ វ៉ាន្នី

មតិយោបល់