ប្រមុខ NOCC ប្រាប់ឲ្យសហព័ន្ធត្រូវមានទំនួលខុសត្រូវលើការប្រើប្រាស់ថវិកាជាតិ

មាស សុផាណារ៉ុង December 24, 2019


 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ( CAMSOC ) បានកោះហៅបណ្ដាលសហព័ន្ធកីឡាជាតិ មកប្រជុំជាមួយនឹង ឯកឧត្តម ថោង ខុន ស្ដីអំពី នីតិវិធី និងអនុលោមភាពហិរញ្ញវត្ថុ និងកិច្ចការរដ្ឋបាលនៃគណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តម ថោង ខុន បានថ្លែងបែបនេះថា សិក្ខាសាលានេះមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីឲ្យសហព័ន្ធទាំងអស់ចេះប្រើប្រាស់ថវិកាឲ្យបានត្រឹមត្រូវ ជៀសវាងសកម្មភាពអវិជ្ជមានណាមួយ ដែលឈានទៅប្រឈមមុនផ្លូវច្បាប់។ ឯកឧត្តមក៏បានលើកឧទាហរណ៍ពីអ្នកគ្រប់គ្រងកីឡានៅប្រទេសមួយចំនួនដែលត្រូវប្រឈមនឹងច្បាប់ ក្រោយរកឃើញពីការប្រើប្រាស់ថវិកាមិនត្រឹមត្រូវផងដែរ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តម វ៉ាត់ ចំរើន ក៏បានជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ទទួលខុសត្រូវលើការងាររៀងៗខ្លួន និងចេះបង្កើតគម្រោងការប្រកួតនានាដើម្បីអាចស្វែងរកម្ចាស់ឧបត្ថម្ភបន្ថែម។

លោកបន្តថា តួនាទី និងភារកិច្ចសំខាន់៣ របស់សហព័ន្ធកីឡាជាតិត្រូវធ្វើឲ្យបានមុនក្លាយខ្លួនជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ នោះ រួមមាន៖

  • ទី១ គឺអភិវឌ្ឍន៍ជំនាញ ស្វែងរកគុណផលកីឡាកម្រិតខ្ពស់។ យកចិត្តទុកដាក់ កីឡាករ និងគ្រូ, មន្ដ្រីបច្ចេស (អាជ្ញាកណ្ដាល-ចៅក្រម)។
  • ទី២ បន្ទាប់ពីអភិវឌ្ឍន៍ជំនាញ និងគុណផលកម្រិតខ្ពស់ គឺត្រូវរៀបចំការប្រកួត និងការចូលរួមប្រកួតជាតិ-អន្ដរជាតិ។ សកម្មភាពសហព័ន្ធមានគុណភាព គឺជាសហព័ន្ធមានការប្រកួតច្រើន ប្រកួតអន្ដរជាតិច្រើន ទើបទទួលបានគុណផលច្បាស់លាស់។
  • ទី៣ សហព័ន្ធត្រូវធ្វើជាប្រចាំ សហព័ន្ធជាតិកើនឡើងដោយទុនផ្ទាល់ខ្លួន ជាអ្នកស្រលាញ់ ចូលចិត្ត និងរៀបចំជាក្រុម ដើម្បីស្វែងរកការគាំទ្រ។ បំផុសចលនាគាំទ្រ ដោយធ្វើសកម្មភាព Sport for all ដើម្បីបំផុសយុវជនចូលរួម សហព័ន្ធអាចរកអ្នកមានទេពកោសល្យ និងមួយទៀត គឺការកៀងគរចំណូល សម្រាប់គាំទ្រសកម្មភាពរបស់សហព័ន្ធ រាជរដ្ឋាភិបាល, ក្រសួងអប់រំ, CAMSOC, Sponsor ផ្សេងៗ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់