ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសោបមេដាយច្រើនជាងគេនៃការប្រកួត ហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ

មាស សុផាណារ៉ុង December 24, 2019


 

ភ្នំពេញ៖ ក្លឹបកីឡាហែលទឹករបស់ក្រសួងសាធារណការណ៍ និងដឹកជញ្ជូន បានដណ្តើមបានជើងឯក នៃព្រឹត្តិការណ៍ប្រកួតហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ និង “ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩ ២ឆ្នាំជាប់ៗគ្នា ខណៈក្រសួងមហាផ្ទៃ រក្សាជើងឯករងនៅមណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសពិធីបិទការប្រកួតជាផ្លូវការ និងប្រគល់ជ័យលាភីដោយមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា នៅមណ្ឌលកីឡាហែលទឹក តេជោសែន ខេត្តកំពង់ចាម នាល្ងាចថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមមេដាយចំនួន ២៦គ្រឿង ក្នុងនោះមេដាយមាស ១៥គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង រីឯក្លឹបហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមមេដាយចំនួន ១៦គ្រឿង រួមមានមេដាយមាស ៧គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿ ខណៈលេខ៣ ក្លឹបហែលទឹកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានមេដាយចំនួន ២០គ្រឿង គឺមេដាយមាស ១គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរិទ្ធ ១២គ្រឿង។

លទ្ធផលសរុបមានដូចខាងក្រោម៖

សូមបញ្ជាក់ថា ការប្រកួតនេះគឺជាការផ្ដល់ឱកាសដល់អ្នកហែលទឹកវ័យក្មេងដើម្បីរកជើងខ្លាំងវ័យក្មេងសម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតគឺ បុរសមាន ១២វិញ្ញាសា និងនារី ១២វិញ្ញាសា ដោយវិញ្ញាសាទាំងនោះមានដូចជា ហែល៥០ ម៉ែត្ររបៀបសេរីបុរស និងនារី, ហែល ១០០ម៉ែត្ររបៀបសេរីបុរស នារី, ហែល ២០០ម៉ែត្ររបៀបសេរីបុរស នារី, ហែល៥០ ម៉ែត្ររបៀបកង្កែបបុរស នារី, ហែល ១០០ម៉ែត្ររបៀបកង្កែបបុរស នារី, ហែល ២០០ម៉ែត្ររបៀបកង្កែបបុរស នារី, ហែល ៥០ម៉ែត្ររបៀបផ្ងារបុរស នារី, ហែល ១០០ម៉ែត្ររបៀបផ្ងារបុរស នារី, ហែលមេអំបៅ ៥០ម៉ែត្របុរស នារី, ហែលមេអំបៅ ១០០ម៉ែត្របុរស នារី, ហែល ២០០ម៉ែត្រ ៤របៀបឯកត្តជនបុរស នារី និងហែលបណ្ដាក់ ១០០ម៉ែត្រ ៤ដងដោយសេរី បុរស នារី។

ចំពោះជនពិការវិញមានវិញ្ញាសាហែល ៥០ម៉ែត្ររបៀបសេរី និងរបៀបកង្កែប និងវិញ្ញាសាហែលចម្ងាយ១០០ម៉ែត្រ របៀបសេរី៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់