ប៉េតង់កម្ពុជា ឈ្នះមេដាយ៧គ្រឿង ឈរលេខ១ ជើងឯកអាស៊ី នៅប្រទេសវៀតណាម

មាស សុផាណារ៉ុង December 23, 2019


 

វៀតណាម៖ ក្រុមកីឡាករ-កីឡាការិនីប៉េតង់កម្ពុជា បានដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធ ចំនួន ៧គ្រឿង ពីការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី លើកទី៣ «The 3rd Asian Patanque Championships 2019» នៅប្រទេសវៀតណាម ដែលបានប្រព្រឹត្តិពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។

លោក សូ ម៉ៃសុខគា អគ្គលេខាធិការរងសហព័ន្ធ និងប្រធានប្រតិភូបានឲ្យដឹងថា ក្រុមកីឡាករ-កីឡាការិនីប៉េតង់កម្ពុជា ដណ្តើមចំនួន ៧គ្រឿង រួមមានមេដាយមាស ចំនួន ៥គ្រឿង មេដាយប្រាក់ ចំនួន ១គ្រឿង និងមេដាយសំរិទ្ធ ចំនួន១គ្រឿង។

សម្រាប់មេដាយមាសរកបានដោយ កីឡាករ សុខ ចាន់មាន, កីឡាករ ញ៉ែម បូរ៉ា, កីឡាករ យ៉ា ចាន់ដារ៉ារិទ្ធ និងកីឡាករ យឹម សុភ័ក្រ យកឈ្នះក្រុមកីឡាករថៃ ក្នុងលទ្ធផល ១៣ទល់១២ នៅវគ្គផ្តាច់ព្រ័ត្រវិញ្ញាសា វាយ៣នាក់ទល់៣នាក់។ ចំណែកមេដាយមាស មួយទៀតរកបានក្នុងវិញ្ញាសា វាយ៣ទល់៣នាក់យុវជន គឺមាន កីឡាករ កុយ ភក្ត្រា, កីឡាករ ទីវ រដ្ឋា និងកីឡាករ ជា ហេងឧត្តមរស្មី ដណ្តើមមេដាយមាសក្រោយយកឈ្នះកីឡាករថៃ ក្នុងលទ្ធផល ១៣ទល់៤ នៅវគ្គផ្តាច់ព្រ័ត្រ។

លោកបានបន្តថា មេដាយមាសទី៣ គឺដណ្ដើមបានដោយកីឡាការិនី កែ ឡេង បានឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល ៤២ទល់២៤ វិញ្ញាសាវាយយកពិន្ទុ និងមេដាយមាសទី៤ កីឡាករ សុខ ចាន់មាន ក៏បានយកឈ្នះកីឡាករថៃដូចគ្នា ក្នុងលទ្ធផល ៤៦ទល់៣៤ នៅវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយយកពិន្ទុដូចគ្នា។ មេដាយមាសទី៥ ឬពានសមាគម លើក្រុមកីឡាការិនី ហើយមេដាយសំរិទ្ធ ១បានលើកីឡាករ ភាព សុរ៉ាឃីម ចាញ់កីឡាករថៃ ទទួលបានមេដាយសំរិទ្ធ លើវិញ្ញាសាវាយយកពិន្ទុ និងមេដាយប្រាក់ បានលើវិញ្ញាសាចម្រុះ៣នាក់ បុរស-នារី ( ២នាក់បុរស នារី១នាក់)។

គួរដឹងផងដែរថា សមាជិកនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់អាស៊ី គឺមានសមាជិកចំនួន ២៦ប្រទេស៕

 

រូបភាព៖ Petanque Cambodia – សហព័ន្ធកីឡាប៉ូលនិងប៉េតង់កម្ពុជា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់