វ៉ូវីណាមកម្ពុជា ឈ្នះមេដាយមាស ៣គ្រឿងហើយ នៃការប្រកួតជើងឯកវ៉ូវីណាម ពិភពលោក

មាស សុផាណារ៉ុង December 19, 2019


 

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ «The 6th WVVF World Vovinam Championships 2019» នាថ្ងៃទី១៨ និង១៩ ខែធ្នូ ឆ្នាំ២០១៩  អត្តពលិកកម្ពុជាដណ្តើមមេដាយមាស ៣គ្រឿងហើយ លើវិញ្ញាសា ៣ផ្សេងគ្នា។

សម្រាប់កម្ពុជា ថ្ងៃដំបូង ឈ្នះមេដាយសរុបចំនួន ៨គ្រឿង រួមមានមេដាយ មាស ១គ្រឿង, មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង។ កីឡាករ លី បូរ៉ាមី ទទួលបានមេដាយសំរិទ្ធលើវិញ្ញាសាមេគុនកាំបិតធំ, កីឡាការិនី ប៉ាល់ ឆរស្មី ទទួលបានមេដាយប្រាក់ លើវិញ្ញាសាមេគុនកាំបិតធំនារី, កីឡាករ ម៉េត សារី និងកីឡាករ ម៉េត សុភក្រ្តា ទទួលបានមេដាយប្រាក់ លើវិញ្ញាសាមេគុនដាវ ២នាក់។ ចំណែក កីឡាករ ម៉េត សារី និងកីឡាករ ម៉េត សុភក្រ្តា ទទួលបានមេដាយប្រាក់ លើវិញ្ញាសាមេគុន ២នាក់ និងកីឡាការិនី ហ៊ឹម ដាណេ ទទួលបានមេដាយសំរិទ្ធ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៤៨គ.ក្រ នារី, កីឡាករកម្ពុជា ២នាក់ ទទួលបានមេដាយប្រាក់ លើវិញ្ញាសាប្រយុទ្ធដូចគ្នា។

ខណៈនៅថ្ងៃទី១៩ ខែធ្នូ គិតត្រឹមម៉ោង ១:៣០នាទីរសៀល កម្ពុជា បានបង្កើនមេដាយបន្ថែមទៀត ដោយឈ្នះ មាស២ និងប្រាក់ ១បន្ថែមទៀត ពោលគឺរកបានដោយកីឡាការិនី ប៉ាល់ ឆរស្មី ដណ្តើមបានមេដាយមាស លើវិញ្ញាសាមេគុនកាំបិតភ្លោះឯកត្តជននារី, កីឡាករ ភូ​ថង អេ (​ម៉ឺន មេ​ឃា​) ដណ្តើមបានមេដាយមាស លើវិញ្ញាសាប្រយុទ្ធ ទម្ងន់៦៤គីឡូក្រាមឯកត្តជន ក្រោយយកឈ្នះកីឡាករវៀតណាម និងកីឡាការិនី ឯម ច័ន្ទកនិកា ទទួលបានមេដាយប្រាក់លើវិញ្ញាសាមេគុននារីឯកត្តជន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោកពិភពលោក លើកទី៦ «The 6th WVVF World Vovinam Championships 2019» មានចំនួន ២៣ប្រទេសចូលរួមប្រកួត ដែលនឹងប្រព្រឹត្តិតាំងពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងសាលនៃពហុកីឡដ្ឋានជាតិ អូឡាំពិក កម្ពុជា៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់