ប្រមុខកីឡាម៉ូតូទឹកកម្ពុជា រីករាយចំពោះ អ៊ូម៉ើត បានមេដាយមាស តែក៏សោកស្ដាយដែលកីឡាករម្នាក់រងរបួសពេលប្រកួត

មាស សុផាណារ៉ុង December 12, 2019


 

ភ្នំពេញ៖ ប្រមុខកីឡាម៉ូតូទឹកកម្ពុជា ឯកឧត្តម ណេះ ស្លេះ ដែលជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសំដែងនូវការសោកស្ដាយចំពោះកីឡាករម៉ូតូទឹកកម្ពុជា មួយរូបទៀតដែលប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ បែរជាមានគ្រោះថ្នាក់ដោយសារម៉ូតូទឹករបស់គូប្រកួតបើកបុកបណ្ដាលឲ្យមានគ្រោះថ្នាក់។ នេះបើយោងតាមការជួបសំណេះសំណាល និងលើកទឹកចិត្តនៅព្រឹកថ្ងៃទី១២ ខែធ្នូ ដល់កីឡាករដែលទើបតែបញ្ជប់ការប្រកួត ពីព្រឹត្តិការណ៍ពិភពលោក នៅថៃ។

ក្នុងការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក «Jet Ski World Cup 2019 Pataya City Thailand» ដែលទើបតែនឹងបញ្ចប់ទៅថ្មីៗនេះ កម្ពុជាបញ្ជូនកីឡាករចំនួន ៥រូប ទៅចូលរួមប្រកួតតែ ៣រូប បានធ្លាក់នូវវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ២រូប គឺកីឡាករ សាលី អ៊ូម៉ើត និងកីឡាករ មីន ម៉ូសស្ដាន បានឡើងទៅប្រកួតទៅវគ្គផ្ដាច់ព្រ័ត្រជាមួយគ្នា ប៉ុន្តែជាអកុសលកីឡាករ មីន ម៉ូស្ដាន បានទទួលរងគ្រោះដោយសារតែជួបគ្រោះថ្នាក់ពេលប្រកួត និងមិនអាចបន្តការប្រកួតបាន ស្របពេលដែលកីឡាករ សាលី អ៊ូម៉ើត អាចប្រកួតរហូតដល់ឈានទៅប្រជែងបានមេដាយមាស ពីការប្រកួតជើងឯកពិភពលោកនេះ។

ប៉ុន្តែយ៉ាងណាមិញ ឯកឧត្តម ណេះ ស្លេះ បានសម្ដែងនូវការសោកស្ដាយនេះ បើទោះបីជាកីឡាករ សាលី អ៊ូម៉ើត បានមេដាយមាស ពីការប្រកួតដែលមានប្រទេសចំនួន ៦២ចូលរួមក៏ដោយ។ ប្រមុខកីឡាម៉ូតូទឹករូបនេះអះអាងថា៖ «ការប្រកួតជើងឯកពិភពលោកនឹងធ្វើជារៀងរាល់ឆ្នាំ ហើយកម្ពុជាក៏នឹងចូលរួមដែរ។ ឆ្នាំក្រោយនេះនឹងមានការប្រកួតជាអន្តរទ្វីប ដែលមានកីឡាករមកពីទ្វីបចំនួន ៣ចូលរួម គឺទ្វីបអាស៊ី ទ្វីបអាមេរិក និងទ្វីបអឺរុប ដែលការប្រកួតផ្ដាច់ព្រ័ត្រនឹងធ្វើនៅប្រទេសថៃដដែល។ កីឡាករជម្រើសជាតិកម្ពុជា ទាំង ៥រូបនឹងហ្វឹកហាត់ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ។»

ចំពោះយោបល់កីឡាករ សាលី អ៊ូម៉ើត វិញ បានទទួលស្គាល់ថាការប្រជែងយកមេដាយមាសវាជារឿងលំបាកមួយ ប៉ុន្តែការការពារតំណែងជាម្ចាស់មេដាយមាស គឺកាន់តែលំបាកទៅទៀតសម្រាប់រូបខ្លួន។

សូមបញ្ជាក់ថាលទ្ធផលល្អបែបនេះ បានធ្វើឲ្យ ឯកឧត្តម ណេះ ស្លេះ បានបន្ថែមទៀតថា ម្ចាស់មេដាយមាសកីឡាករ សាលី អ៊ូមើត លើវិញ្ញាសា Ski Modified ក្នុងព្រឹត្តិការណ៍នេះជាលទ្ធផលមួយសម្រាប់គោលដៅដណ្តើមមេដាយមាសជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA GAMES 2023 ) ឆ្នាំ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា – Watercraft Federation of Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់