វិញ្ញាសាកីឡាស៊ីហ្គេម ជាច្រើនត្រូវបានលុបចោល ឬកំណត់ពេលវេលាឡើងវិញ ដោយសារព្យុះកំពុងវាយលុកនៅហ្វីលីពីន

មាស សុផាណារ៉ុង December 3, 2019


 

ហ្វីលីពីន៖ វិញ្ញសាកីឡា ជាច្រើននៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍អាស៊ី ( SEA Games 2019 ) ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងវិញសម្រាប់ថ្ងៃក្រោយ ឬត្រូវបានលុបចោលទាំងស្រុង ដោយសារព្យុះទីហ្វុង។ គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ហ្វីលីពីន (PHISGOC) បានបង្ហើបឲ្យដឹងថារាល់ការប្រកួតប្រជែង និងទីតាំងប្រកួតមួយចំនួន ត្រូវបានណែនាំឲ្យត្រៀមខ្លួនជាស្រេចជាមួយនឹងផែនការតាមស្ថានភាពជាក់ស្ដែង។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា កីឡាបាល់ទះលើឆ្នេរខ្សាច់ ដែលគ្រោងធ្វើនៅចន្លោះថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ នឹងត្រូវរៀបចំឡើងវិញ ខណៈដែលទូកកាណូ, ទូកកាយ៉ាក់ និងការប្រណាំងទូកប្រពៃណី ត្រូវបានរុញទៅប្រកួតរហូតដល់ថ្ងៃទី០៦ ខែធ្នូ ខណៈដែលកីឡាទូកក្ដោង ក៏នឹងត្រូវរងផលប៉ះពាល់ផងដែរ។ កីឡានេះគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ស្របពេលដែល កីឡាជិះស្គីបន្ទះក្តារ ក៏ត្រូវបានពន្យារពេលផងដែរ។

លោក Ramon Suzara មន្ត្រីមួយរូបនៃ (Phisgoc) បាននិយាយថា៖ «កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានណែនាំដល់អ្នករៀបចំការប្រកួត និងទីតាំងប្រកួតទាំងអស់ ឲ្យត្រៀមខ្លួនជាស្រេចជាមួយនឹងផែនការតាមស្ថានភាពជាក់ស្ដែង។ វាត្រូវបានគេរៀបចំជាយូរមកហើយ។ មានគោលការណ៍ប្រតិបតិ្តការ សម្រាប់ការប្រកួត និងអ្នករៀបចំការប្រកួតទាំងអស់ក្នុងករណីមានព្យុះ។ យើងបានណែនាំកន្លែងខ្លះដើម្បីដាក់តង់ជាមុន។ អ្នកគ្រប់គ្រងការប្រកួតប្រជែងប្រតិភូបច្ចេកទេសទាំងអស់ត្រៀមខ្លួនជាស្រេច។»

លោក Suzara បាននិយាយថា សម្រាប់កីឡាបាល់បោះ និងបាល់ទះអ្នកគាំទ្រ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទស្សនាឡើយ ទោះបីជាការប្រកួត ប្រកួតមុនការគ្រោងទុកក៏ដោយ។ លោកសង្កតធ្ងន់ថា៖ «ប្រសិនបើវាខ្លាំង យើងនឹងត្រូវលុបចោល ឬពន្យារពេលការប្រកួតតែម្ដង។»

សូមរំលឹកថា ការិយាល័យអាកាសធាតុរបស់ហ្វីលីពីន បាននិយាយកាលពីថ្ងៃសុក្រថា ព្យុះទីហ្វុងមួយកំពុងកៀកនឹងទីតាំងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដោយខ្យល់មានល្បឿន ១០៥គីឡូម៉ែត្រក្នុងមួយម៉ោង នេះត្រូវបានគេឲ្យឈ្មោះថា «Kammuri» និងត្រូវបានគេរំពឹងថា នឹងបោកបក់ចូលទីក្រុងម៉ានីល នៅថ្ងៃអាទិត្យ ពោលគឺមួយថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ បើកជាផ្លូវការ នៅយប់ថ្ងៃសោរ៍ ហើយដែលនឹងអាចប្រែក្លាយជាព្យុះទីហ្វុង នៅសប្តាហ៍បន្ទាប់ ពោលគឺពេលនេះផ្ទាល់តែម្ដង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា សម្រាប់ពិធីបើកផ្លូវការ ហើយនឹងបញ្ចប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ហើយនេះក៏ជាលើកទី៤ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នេះ ធ្វើឡើងក្រោមបាវចនា «យើងឈ្នះជារួម – We Win As One» ជាមួយនឹងកីឡាដែលដាក់ឲ្យប្រកួតមានចំនួន ៥៦ប្រភេទ លើ ៥២៩វិញ្ញាសា នឹងមានអត្តពលិកចូលរួមចំនួនប្រមាណ ៩,៨៤០នាក់៕

 

ប្រភព៖ news.abs-cbn.com | FOXSports

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់