Motorrad Angkor Festival ជាព្រឹត្តិការណ៍ដែលទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាកាន់តែច្រើន

មាស សុផាណារ៉ុង December 2, 2019


 

ភ្នំពេញ៖ ព្រឹត្តិការណ៍ជួបជុំក្រុមម៉ូតូធំ ឬហៅថា Motorrad Angkor Festival ដែលជាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំលើកដំបូងនៅក្នុងប្រទេសកម្ពុជា គ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី០៦ ខែធ្នូ ខាងមុខនេះ ហើយក្នុងខេត្តសៀមរាប ខណៈដែលព្រឹត្តិការណ៍កីឡាបែបទេសចរណ៍មួយនេះ នឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនថែម១កម្រិតទៀត។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម កាទើ មហាំម៉ាត់ ណោសស្រុី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

ថ្លែងនៅក្នុងសន្និសិទការសែត កាលពីពេលថ្មីៗនេះ ឯកឧត្តម កាទើ មហាំម៉ាត់ ណោសស្រុី បានមានប្រសាសន៍បែបនេះថា៖ «Motorrad Angkor Festival ២០១៩ គឺជាព្រឹត្តិការណ៍ជួបជុំក្រុមម៉ូតូដ៏ធំដំបូងគេនៅកម្ពុជា ដែលមានការចូលរួមពីក្រុមម៉ូតូនានាមកតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី ចិន និងប្រទេសមួយចំនួនផ្សេងទៀត។»

លោកបានចាត់ទុកព្រឹត្តិការណ៍នេះជាផលិតផលកីឡាទេសចរណ៍ថ្មីមួយបន្ថែមទៀត ក្នុងការជួយជំរុញកំណើតភ្ញៀវទេសចរណ៍ឲ្យមកកម្សាន្តនៅកម្ពុជា ពិសេសខេត្តសៀមរាបតែម្តង។ បន្ថែមលើនេះ វានឹងជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រក្នុងខេត្តសៀមរាប ឲ្យពិភពលោកស្គាល់កាន់តែច្បាស់ តាមរយៈអ្នកចូលរួម និងប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ។

ជាមួយគ្នានេះដែរ លោក អ៊ុ ប៊ុនរ៉េត ប្រធានក្លឹប ម៉ូតូ BMW កម្ពុជា ក៏បានមានប្រសាសន៍ដែរថា ព្រឹត្តិការណ៍អស្ចារ្យនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

ប្រធានក្រុមម៉ូតូ BMW បានបញ្ជាក់អោយដឹងទៀតថា នៅក្នុងកម្មវិធីនេះ នឹងមានព្រឹត្តិការណ៍អស្ចារ្យជាច្រើនដូចជា ការប្រណាំងម៉ូតូរយៈពេល ៣ថ្ងៃ, ក្បួនដង្ហែរម៉ូតូសប្បុរសធម៌, ការតាំងពិព័រណ៌ពាណិជ្ជកម្ម ផលិតផល និងសេវាកម្មដែលទាក់ទងជាមួយម៉ូតូ ចំនួន ៣៥០ស្តង់ ការប្រគុំតន្រ្តី Electronic Dance Music (EDM) ដោយ Temple Club ដែលជាក្រុមតន្ត្រីដ៏ល្បីល្បាញប្រចាំ Pub Street រួមជាមួយការកម្សាន្តនារាត្រី និងការសម្ដែងរបស់ក្រុមម៉ូតូជំនាញ (Stunt Show) សម្រាប់អ្នកទស្សនាដោយផ្ទាល់។

គួបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះមានចម្ងាយផ្លូវ ៦០ម៉ែត្រ ធ្វើឡើងនៅតំបន់អង្គរឃ្យុងយូរ មុខអូតែលសុខា ក្នុងគោលបំណង បង្កើនទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សារធុរៈកិច្ច ជាមួយអ្នកស្រឡាញ់ម៉ូតូជាង ២ពាន់នាក់ នៅតំបន់អាស៊ាន ដែលបង្កើតឱ្យបានជាមិត្តភាព ជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ព្រមទាំងចូលរួមធ្វើការងារសប្បុរសធម៌ជួយសង្គមផងដែរ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់